ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អធិរាជ​កីឡា​អុកចត្រង្គ​ពីរ​សម័យកាល​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កីឡាករ ឈាវ បូរ៉ា បាននិងកំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ខណៈ​ប្រភេទ​កីឡា​នេះ​ក៏ត្រូវ​បានដាក់​​បញ្ចូល​ទៅក្នុង​ការប្រកួត​ផងដែរ​។​

កីឡា​ជាតិ​ឆ្នាំនេះ​ប្រភេទ​កីឡា​អុកចត្រង្គ​ក៏ត្រូវ​បានដាក់​បញ្ចូល​ដូចគ្នា​ស្របពេល​ដែល​ជើងឯក​កីឡា​អុកចត្រង្គ​ពីរ​ជំនាន់​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កីឡាករ ឈាវ បូរ៉ា ក៏បាន​ទទួល​នូវ​មេដាយមាស លើ​វិញ្ញាសា​១​ទល់​១​រយៈពេល​៦០​នាទី​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃ​។​

បូរ៉ា​បាន​លើកឡើងថា​វា​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​រូបគេ​និង​កីឡាករ​ដទៃទៀត​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​នេះ​សម្រាប់​ត្រៀមខ្លួន​ប្រកួត​ស៊ី​ហ្គេម​។​ដោយសារតែ​វា​ជា​លក្ខខណ្ឌ​ថ្មី​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ផង​នោះ​ការរៀបចំ​មាន​បញ្ហា​ចន្លោះប្រហោង​បន្តិចបន្តួច​ប៉ុន្ដែ​កីឡាករ​អាច​ទទួលយក​បាន​ហើយ​គណៈកម្មការ​នឹង​សម្របសម្រួល​លក្ខខណ្ឌ​ទាំងនោះ​អោយ​កាន់តែ​ប្រសើរឡើង​។​

​ឈា វ​បូរ៉ា រួមទាំង​កីឡាករ​ចំនួន​ប្រាំបី​រូប​ផ្សេងទៀត​ត្រូវបាន​ជ្រើសរើស​រួចរាល់​ដើម្បី​តំណាង​ជាតិ ចូលរួម​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខណៈ​រូបលោក​ផ្ទាល់ ក៏បាន​បង្ហាញ​ពី​ក្ដី​រំពឹងថា នឹង​រក​មេដាយ​ជូន​ជាតិ​បាន និង​បង្ហើប​ពី​គូប្រជែង​ដ៏​ធំ ក្នុង​ព្រឹត្តិការណ៍​ខាងមុខ​ផងដែរ​គឺ ថៃ​។​កម្ពុជា​សង្ឃឹម​បាន​មេដាយ​ច្រើន​ក្នុង​វិញ្ញាសា​ប្រកួត​អុកចត្រង្គ​នេះ​។​អ្វីដែល​យើង​ព្រួយបារម្ភ​នោះ​គឺ​មេដាយមាស​។​យើង​មិនអាច​វាយតម្លៃ​បាន​ថា​ប្រទេស​ណា​ខ្លាំង​ជាង​ប្រទេស​ណា​នោះទេ​គ្រាន់តែ​ពេលបច្ចុប្បន្ន​នេះ​សង្កេតឃើញថា​កម្ពុជា​និង​ថៃ​មាន​ភាពខ្លាំង​ប្រហាក់ប្រហែលគ្នា​។

​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឈាវ បូរ៉ា បានបង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា វា​ជា​មោទនភាព​មួយ​ដែល​កម្ពុ​ជាមាន​កីឡា​បែប​ប្រពៃណី​ដែលជា​របស់ខ្លួន​បានបង្ហាញ​នៅលើ​ឆាក​ស៊ី​ហ្គេម ហើយ​វា​គឺជា​ប្រភេទ​កីឡា​ដែល​អស្ចារ្យ​សម្រាប់​កម្ពុជា​។ សូម្បីតែ​ពិភពលោក ក៏​ផ្តល់​តម្លៃ​ជាខ្លាំង​ដល់​កីឡា​អុក​ដែរ គ្រាន់តែ​ការលេង មាន​ភាពខុសគ្នា​ខ្លះ​តែប៉ុណ្ណោះ​៕​