ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ការប្រកួត​កីឡា​ម៉ូតូ​ទឹក ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ បានចាប់ផ្ដើម​ហើយ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​ដោយមាន​ការ​កីឡាករ​២៥​នាក់​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ ជូន​រាជធានី​-​ខេត្ត និង​អង្គភាព​របស់ខ្លួន​។​

​លោក​ណុះ ស្លេះ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា និង​លោក​ឯម ភាព​អភិបាលរង​​ខេត្ត​ព្រះសីហនុ​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​នេះ​។​

​លោក ណុះ ស្លេះ បាន​លើកឡើងថា​តាមរយៈ​ការរៀបចំ​ពិធី​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​បណ្ដាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​សក្តា​នុ​​ពល​របស់​ខេត្ត រួមទាំង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត​លើ​សកលលោក កោះ​តូច​-​ធំ កំពង់ផែ​អន្តរជាតិ​អាកាសយានដ្ឋាន​អន្តរជាតិ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ផ្សេងៗ​ទៀត​។​

​ផ្លូវ​ល្បឿន​លឿន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ទាំង​៣៧​ខ្សែ​បន្ទប់ទឹក​សាធារណៈ​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដើម្បី​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ចសង្គម ធុរកិច្ច​ពាណិជ្ជកម្ម​ឧស្សាហកម្ម និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ទាំងមូល​និង​បាន​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ដើម្បី​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ​។​

​លោក​ណុះ ស្លេះ​បាន​លើទឹក​ចិត្ត​ដល់​កីឡាករ​កីឡា​ការ​នី​ទាំងអស់​ដែល​ចូលរួម​ប្រកួត​​ត្រូវមាន​ស្មារតី​ជា​កីឡាករ​យ៉ាងពិត​ប្រាកដ​ដោយ​ស្ម័គ្រចិត្ត​ទទួលយក​នូវ​លទ្ធផល​ចាញ់ ឈ្នះ​ដែលជា​ធាតុ​ដ៏​សំខាន់​នៃ​សេចក្តីថ្លៃថ្នូរ​និង​ស្របតាម​គោលការណ៍​យុត្តិធម៌​និង​មិត្ត​ភាព​និង​បានធ្វើ​ឲ្យ​ដំណើរការ​នៃ​ការប្រកួត​កាន់តែ​មាន​ភាព​សុក្រឹត​និង​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន ដែល​យើងទាំងអស់គ្នា​អាច​ទទួលយកបាន​។​

​លោក​បន្តថា ការរៀបចំ​ព្រឹត្តិការណ៍​បានការ​សហការ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្រសួងទេសចរណ៍​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ខេត្ត រដ្ឋបាល​ខេត្តកោះកុង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​៣​គឺ​ទី ១៖ វាស់​ស្ទង់​សមត្ថភាព​កីឡាករ និង​គុណ​ផល​កីឡា សម្រាប់​ត្រៀម​ដណ្តើម​មេដាយ នៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។ ទី​២៖ វាស់​ស្ទង់​សមត្ថភាព​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​របស់​សហព័ន្ធ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​កម្ពុជា​ឆ្នាំ​២០២៣​។ ទី​៣៖ ចូលរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ជាពិសេស​បង្ហាញ​ពី​ការចាប់ផ្ដើម​ស្ដារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង និង​ក្រោយ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕​