​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,ស្រ្តេតថែមស៍)៖ មេដឹកនាំ​កែ​ទំរង់​ម៉ាឡេស៊ី​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​ដប់រ​បស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការផ្សះផ្សារ​​ប្រជាជាតិ​ដែល​បែកបាក់​មួយ ប្រឆាំង​អំពើពុករលួយ​និង​ស្តារ​សេដ្ឋកិច្ច​មួយ​ដែល​កំពុងត​ស៊ូនឹង​ការកើនឡើង​ចំណាយ​លើ​ថ្លៃ​រស់នៅ​។​

​ការឡើង​មក​កាន់​មុខតំណែង​កំពូល​របស់​លោក​ជា​ជោគជ័យ​មួយ​សំរាប់​ក្រុម​កែ​ទំរង់​នយោបាយ ដែល​ជាប់​ក្នុង​សមរភូមិ​មួយ​ជាមួយ​ពួក​ជាតិ​និយ​ក​ម៉ាឡេ​អស់​ពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការបោះឆ្នោត​សកល​ដែល​មិន​មាន​ក្រុម​ណាមួយ​ទទួលបាន​សម្លេង​គាំទ្រ​ដាច់​សំរាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តែ​ឯង​។​

​អាន់​វ៉ា បាន​ធ្វើ​សម្បថ​ចូលកាន់​តំណែង​ដែល​លោក​ទន្ទឹង​រង់ចាំ​អស់​ជាង​ម្ភៃ​ឆ្នាំ​នៅក្នុង​ពិធី​ធម្មតា​មួយ​នៅ​ព្រះបរមរាជវាំង​ក្រោម​ការផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​ជាតិ​។​

​ស្តេច​ម៉ាឡេស៊ី ព្រះ​ចៅ​ស៊ុល​តង់ អាប់​ឌុល​ឡា ស៊ុល​តង់ អា​ម៉ា​ដ សា​(Sultan Abdullah Sultan Ahmad Shah)​បានតែងតាំង​អាន់​វ៉ា វ័យ​៧៥​ឆ្នាំ ជា​នាយករដ្ឋមន្ត្រី​ទី​១០​របស់​ប្រទេស​ក្រោយពី​មាន​​បន្ទូល​ថា ទ្រង់​ពេញ​ព្រះ​ហ​ឬ​ទ័យ​លោក​អាន់​វ៉ា ដែល​មាន​ការគាំទ្រ​ភាគច្រើន​។​

​ក្នុងការ​ធ្វើ​សន្និសីទកាសែត​ដំបូង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​អតីត​មេដឹកនាំ​ប្រឆាំង​រូបនេះ​បាន​និយាយថា​លោក​នឹង​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ផ្សំ​ឡើង​ដោយ​សម្ពន្ធភាព​នៃ​ក្តី​សង្ឃឹម​(Alliance of Hope)​របស់​លោក​ដែល​មាន​៨២​អស​នៈ​សភា ជាមួយ​ក្រុម​រណសិរ្ស​ជាតិ​(National Front)​ដែលមាន​៣០​អាសនៈ​និង​ប្លុក​មួយ​មក​ពី​រដ្ឋ​សា​រ៉ា​វ៉ាក់​( Sarawak)​ដែលមាន​២៣​អាសនៈ ដែល​​នឹង​ផ្តល់អោយ​លោក​នូវ​សម្លេង​ភាគច្រើន​១៣៥​អាសនៈ​នៅក្នុង​សភា ខណៈ​ប្លុក​តូចៗ​មួយចំនួន​ទៀត​ក៏​នឹង​ចូលរួម​ផង​ដែរ​។​

​ក្រោយ​ពី​គូប្រជេង មូ​យីត​ឌីន យ៉ាស​ស៊ីន​(Muhyiddin Yassin)​អះអាង​ថា​ខ្លួន​មាន​សម្លេង​ភាគច្រើន​ផងដែរ​នៅក្នុង​សភា លោក​អាន់​វ៉ា​បាន​និយាយថា​«​អត់​មាន​បញ្ហា​ទេ​អំពី​ភាពស្របច្បាប់​របស់​ខ្ញុំ​។​​រដ្ឋាភិបាល​របស់​ខ្ញុំ​នឹង​ស្នើសុំ​អោយ​សភា​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​មួយ​ភ្លាម​ពេល​សភា​ប្រជុំ​នៅ​ថ្ងៃ​១៩​ធ្នូ​»​។​

​ក្រុម​សម្ពន្ធភាព​ជាតិ​(National Alliance)​របស់​លោកមូ​យីត​ឌីន ឈ្នះ​បាន​៧៣​អាសនៈ នៅពេល​សម្ពន្ធមិត្ត​គឺ​គណបក្ស​អ៊ីស្លាម​ប៉ាន​ម៉ាឡេស៊ី ទទួលបាន​៤៩​អាសនៈ​ ជាគណបក្សទោលតែមួយដែលទទួលបានអាសនៈច្រើនជាងគេក្នុងសភាម៉ាឡេស៊ី។​

​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

​ភាពជាប់គាំង​ត្រូវបាន​ដោះ​ស្រា​ក្រោយពី​ក្រុម​National Front​ដឹកនាំ​ដោយ​គណបក្ស​UMNO​បាន​យល់ព្រម​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដឹកនាំ​ដោយ​អាន់​វ៉ា​។​ការ​ចាប់ដៃ​គ្នា​ដូច្នេះ​ជាការ​នឹកគិត​​មិន​ដល់​មួយ​សំរាប់​ប្រជាជន​ម៉ាឡេស៊ី ដោយសារ​ក្រុម​ទាំង​ពីរ​តែង​ជា​គូរ​ប្រជែងនឹង​គ្នា​។​

​សេចក្តីថ្លែងការណ៍​ចេញពី​វាំង​បាន​និយាយថា​«​ព្រះករុណា​រំលឹក​គ្រប់​គណបក្ស​ថា អ្នកឈ្នះ​មិន​ឈ្នះ​ទាំងអស់ និង​អ្នកចាញ់​ក៏​មិន​ចាញ់​គ្រប់យ៉ាង​ដែរ​។​ព្រះ​ចៅ​ស៊ុល​តង់ អាប់​ឌុល​ឡា​បាន​ទទូច​សុំ​អោយ​គណ​​បក្ស​ប្រជែងគ្នា​ធ្វើ​ការផ្សះផ្សារ​ដើម្បី​ធានា​បាន​រដ្ឋាភិបាល​មាន​ស្ថិរភាព​មួយ​និង​បញ្ចប់​ចលាចល​នយោបាយ​ម៉ាឡេស៊ី ដែល​បាន​នាំ​ដល់​ការតែងតាំង​នាយករដ្ឋមន្ត្រី​ដល់​ទៅ​បី​រូប​ចាប់តាំងពី​ឆ្នាំ​២០១៨»​។​

​អាន់​វ៉ា បាន​និយាយថា លោក​មាន​បំណង​នាំ​ក្តីសង្ឃឹម​ថ្មី​មក​អោយ​ប្រជាជន​ម៉ាឡេស៊ី​សំរាប់​ប្រជាជាតិ​មួយ​ដែល​កាន់តែ​មាន​សមភាព​ឡើង​និង​ធានា​ដល់​ជនជាតិ​ម៉ាឡេ​អ៊ីស្លាម​ភាគច្រើន​ថា​ពួកគេ​គ្មានអ្វី​​ត្រូវ​ព្រួយបារម្ភ​ទេ​។​អាទិភាព​របស់​លោក​គឺ​ពង្រឹង​សេដ្ឋកិច្ច​ពេល​វា​ប្រឈម​ការធ្លាក់ចុះ​នៅ​ឆ្នាំក្រោយ​និង​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​៕

អតីតនាយករដ្ឋមន្រ្តី មូយីតឌីននៅតែអះអាងថាលោកមានសភាគាំទ្រ១១៥អាសនៈដែលអាចបង្កើតរដ្ឋាភិបាលបាន និងទាមទារអោយអាន់វ៉ាបញ្ជាក់ពីសម្លេងគាំទ្រភាគច្រើនរបស់គាត់