​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ប៉ូឡូញ​និយាយថា ប្រព័ន្ធ​ប្រឆាំង​កាំ​ជ្រួច ដែល​អាល្លឺម៉ង់​ផ្តល់​ជូន​ទៅ​ប៉ូឡូញ គួរតែ​ឱ្យទៅ​អ៊ុយ​ក្រែន​ជំនួស​វិញ​ដែល​ជា​សំណើ​មួយ​ទំនងជា​មិន​អាច​ចាប់​​ផ្តើម​បាន​ទេ​សម្រាប់​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង ពីព្រោះ​វា​នឹង​ជួយ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការចូលរួម​ពាក់ព័ន្ធ​របស់​ណា​តូ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​ការឆ្លើយតប​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ប៉ូឡូញ​ចំពោះ​ការផ្តល់ជូន​របស់​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​ត្រូវបាន​ស្វាគមន៍​ដោយ​អ៊ុយ​ក្រែន​ដែល​ព្យាយាម​ការពារ​ដែនអាកាស​រ​បស់​ខ្លួន​ទាំង​អស់​សង្ឃឹម​ខណៈ​ការ​វាយ​​ប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល​រុស្ស៊ី​ជា​ច្រើន​គ្រាប់​បាន​ធ្វើ​ឱ្យ​ដាច់​ថាមពល​នៅ​ទូទាំង​ប្រទេស​។​

​ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី គ្រីស្ទី​ន ឡាំ​ប្រិច (Christine Lambrecht) បាន​សង្កត់ធ្ងន់​ថា​ការប្រើប្រាស់​ប្រព័ន្ធ​ការពារ​របស់​អង្គការ​ណា​តូ​នៅ​ក្រៅ​ទឹកដី​របស់​អ៊ុយ​ក្រែន​ចាំបាច់​ត្រូវ​​មាន​ការយល់ព្រម​ពី​រដ្ឋ​សមាជិក​ទាំងអស់​។​

​លោកស្រី​ឡាំ​ប្រិច​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បែរ​ឡាំង​ថា “​វា​ជា​រឿង​សំខាន់​សម្រាប់​ពួក​យើង​ដែល​ប៉ូឡូញ​អាច​ពឹងផ្អែក​លើ​សម្ពន្ធមិត្ត​ដើម្បី​ឈរ​នៅក្បែរ​គ្នា សូម្បី​ក្នុង​គ្រា​លំបាក​និង​ជា​ពិសេស​​ក្នុងពេល​ប៉ូឡូញ​ប្រឈម​មុខ​នឹង​ទីតាំង​វាយប្រហារ​”​។​

​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​និយាយថា “​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​បាន​ផ្តល់​ការគាំទ្រ​ដល់​ការការពារ​អាកាស​និង​ប្រព័ន្ធ Patriot​ប៉ុន្តែ​ប្រព័ន្ធ Patriot​គឺជា​ផ្នែក​មួយ​នៃ​ការការពារ​ដែនអាកាស​​រួម​បញ្ចូល​គ្នា​របស់​ណា​តូ ពោលគឺ​ពួកវា​ត្រូវបាន​បម្រុង​ទុក​សម្រាប់​ទឹកដី​របស់​ណា​តូ​។ ប្រសិនបើ​ពួកវា​ត្រូវបាន​ប្រើ​នៅ​ខាងក្រៅ​តំបន់​ណា​តូ​នោះ​វា​ត្រូវតែ​មាន​ការយល់ព្រម​ជា​មួយ​ណា​តូ​និង​ជាមួយ​សម្ពន្ធ​​មិត្ត​ជាមុនសិន​”​។​

​នៅ​ប្រទេស​ប៉ូឡូញ អ្នក​រិះគន់​លើ​គណបក្ស​កាន់​អំណាច​ប្រជា​និយម​បាន​ចោទប្រកាន់ថា បក្ស​នេះ​សុខចិត្ត​លះបង់​សន្តិសុខ​របស់​ប្រទេស​ជាមួយ​នឹង​សង្គ្រាម​ក្បែរ​ខាង​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​តែប្រ​​យោជន៍​ដល់​ការតស៊ូ​នយោបាយ​ក្នុងស្រុក ដែល​ទាញ​ចេញ​ពី​ប្រយោជន៍​ពី​អារម្មណ៍​ប្រឆាំង​អាល្លឺម៉ង់​ក្នុង​រយៈពេល​ខ្លី​។​

​កាសែត​ប្រចាំថ្ងៃ Rzeczpospolita បាន​ហៅ​សំណើ​ថ្មី​របស់​មេដឹកនាំ​ប៉ូឡូញ​ថា “​គួរឱ្យភ្ញាក់ផ្អើល​”​ដោយ​លើក​ហេតុផល​ថា​វា​នឹង​តម្រូវឱ្យ​បញ្ជូន​ទាហាន​អាល្លឺម៉ង់​ធ្វើ​ប្រតិបត្តិការ​លើ​ប្រព័ន្ធ​នេះ​​ទៅ​អ៊ុ​យក្រែន ហើយ “​នោះ​វា​នឹង​មាន​ការចូលរួម​ពី​ណា​តូ​ក្នុង​ការប៉ះទង្គិច​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី ជា​អ្វី​ដែល​សម្ពន្ធមិត្ត​បាន​ព្យាយាម​គេច​តាំងពី​ដំបូង​”៕

​ប៉ូឡូញ​បដិសេធ​មិន​ទទួលយក​ប្រព័ន្ធ​ការពារ​អាកាស​របស់​អាល្លឺម៉ង់​