ដោយៈ សុផល / ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួម មហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរួចមក លោកបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច នៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ច ជាផ្លូវការជូន លោកបណ្ឌិត សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅវិមានរដ្ឋសភា បន្ទាប់មក ប្រធានរដ្ឋសភាទំាងពីរ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងការជំរុញលើកកម្ពស់ ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាលនិងប្រជាពលរដ្ឋ​ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។

លោកបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ នៅក្នុងការរៀបចំ កិច្ចកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាព របស់កម្ពុជា កាន់តែរន្ទឺឡើង នៅលើឆាកអន្តរជាតិ។

លោកប្រធានរដ្ឋសភា ថែមទំាំង បានបញ្ជាក់ថាៈ ជោគជ័យរបស់កម្ពុជា នាពេលនេះ ជាមេរៀន និងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ដ​គ្រប់​ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងប្រជាជន ប្រទេស​ទំាងពីរ ឱ្យកាន់តែរឹងមាំ និងសកម្មឡើងទៀត នៅលើគ្រប់វិស័យ។

លោកបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូល រវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវ នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់លោកប្រធាន រដ្ឋសភានេះ។ សម្តេចមានសេចក្តីសោមនស្សរីករាយ ជាខ្លំាងដែលលោក​ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ បានមកបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភា​កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ សម្តេចចាត់ទុកការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំ ប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលមានជាង ៦០ ឆ្នាំ មកនេះ កាន់តែរឹងមាំទ្វេ​ដង​ថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញទៅមក លើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរ ទៅវិញទៅ​មក។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភាកម្ពុជា និងលោកប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះ ហត្ថលេខា លើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាព ក្នុងការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ ឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍​ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕ V / N