ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» ក្នុងគោលបំណងពង្រឹង និងកសាងវប្បធម៌ នៃការស្រាវជ្រាវនៅកម្ពុជា និងផ្ដល់ជាវេទិកា សម្រាប់កិច្ចពិភាក្សា រវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងភាគីពាក់ព័ន្ធនានា លើប្រធានបទសំខាន់ៗ ទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។

ថ្លែងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៩ កាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថាៈ ចាប់តាំងពីសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១ មក ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយ និងស្នើសុំឱ្យមានការចូលរួម ពីអ្នកស្រាវជ្រាវ លើប្រធានបទផ្សេងៗ។ កាលពីឆ្នាំមុន ប្រធានបទ នៃសន្និសីទម៉ាក្រូសេដ្ឋកិច្ច របស់យើង ផ្ដោតលើ «បញ្ហាប្រឈម និងគោលនយោបាយ អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នៅពេលនោះ លទ្ធផលស្រាវជ្រាវ និងអនុសាសន៍ជាច្រើន ត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់សហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលសក្តានុពលរបស់វិស័យនេះ ក្នុងការជួយស្ដារកំណើនឡើងវិញ ក៏ត្រូវបានលើកយកមកពិភាក្សា។

លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថាៈ បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា មានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ ដែលការណ៍នេះ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងវិស័យចម្បងៗ បន្តងើបឡើងវិញ ជាលំដាប់។ ក្នុងន័យនេះ ផែនការនៃការស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយពាក់ព័ន្ធ គួរត្រូវបានសិក្សា និងភាក្សាឱ្យបានស៊ីជម្រៅ។

លោកស្រី បានសង្កត់ធ្ងន់ថាៈ «ដូចនេះ ដើម្បីប្រមូលធាតុចូល សម្រាប់ពិចារណា ក្នុងការដាក់ចេញ គោលនយោបាយថ្មីៗ បន្ថែមទៀត នៅក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា កំពុងបន្តងើបឡើង និងដើម្បីបន្តសាបព្រោះវប្បធម៌ ស្រាវជ្រាវឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកប្រធានបទស្រាវជ្រាវ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ការស្ដារឡើងវិញ និងភាពធន់ ក្រោយកូវីដ-១៩» សម្រាប់ឆ្នាំ២០២២ នេះ។ ដើម្បីស្ដារ សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយ មិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩ តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមាន ដូចជា បញ្ហាអតិផរណាខ្ពស់ ការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអាកាសធាតុ ជាដើម។ ជាមួយនឹងបញ្ហាប្រឈម ដែលមានលក្ខណៈជាពហុ វិស័យបែបនេះ ការបង្កើតវេទិកាពិភាក្សា ដើម្បីប្រមូលមតិយោបល់ ពីគ្រប់មជ្ឈដ្ឋាន ទាំងអស់ ក៏ដូចជា ដើម្បីចែករំលែកបទពិសោធន៍ ឱ្យគ្នាទៅវិញទៅមក គឺមានភាពចាំបាច់ជាទីបំផុត»។

លោកស្រី បានបន្តថាៈ កន្លងមក ធនាគារជាតិនៃកម្ពុជា ក៏បានខិតខំសម្រាលបន្ទុកប្រជាពលរដ្ឋ ក្រីក្រ​តាមរយៈការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដែលបានរួមចំណែក​ កាត់បន្ថយសម្ពាធ អតិផរណា ហើយថ្មីៗនេះគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ ក៏ត្រូវបានលើកទឹកចិត្តឱ្យមាន ការរៀបចំ ឥណទានឡើងវិញ សម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ ពីគ្រោះទឹកជំនន់។

ក្រៅពីចំណុចទាំង ៣ ខាងលើនេះ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបាន ចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការរួមចំណែកបង្កើតការងារ ប្រមាណ ៧០% នៃការងារសរុបជូន ប្រជាពលរដ្ឋកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យមាន លក្ខណៈបៃតង ដែលបច្ចុប្បន្ន ជាប្រធានបទកំពុងទទួលបានការជជែកវែកញែកជាសកល ក៏គួរត្រូវបានលើកយកមកពិភាក្សាផងដែរ ដោយសារប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលងាយរងគ្រោះខ្លាំង ពីហានិភ័យអាកាសធាតុ៕ V / N