​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ មេ​ឌី ថា​រ៉េមី (Mehdi Taremi) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អះអាង​ថា ក្រុម​របស់​គាត់ “​មិន​ស្ថិត​នៅក្រោម​សម្ពាធ​ណាមួយ​”​ពី​រដ្ឋាភិបាល​​របស់​ពួកគេ​ទេ បន្ទាប់​ពី​ជ្រើសរើស​មិន​ច្រៀង​ភ្លេងជាតិ​មុនពេល​ការប្រកួត​វើល​ខាប់​បើកឆា​ករបស់​ពួកគេ​។​

​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​ឈរ​យ៉ាង​អន្ទះអន្ទែង​ក្នុងអំឡុងពេល​ច្រៀង​ចម្រៀង​ជាតិ​របស់​ពួកគេ មុន​ពេល​ពួកគេ​ចាញ់ ៦-២​ក្រោម​ថ្វីដៃ​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​កាយវិការ​ជាក់ស្តែង​ដើម្បី​បង្ហាញ​​សាមគ្គីភាព​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​។​

​អ៊ីរ៉ង់​ត្រូវបាន​អង្រួន​ដោយ​បាតុកម្ម​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង ម៉ាសា អា​មី​នី (Mahsa Amini) អាយុ ២២​ឆ្នាំ​បន្ទាប់ពី​នាង​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ខែកញ្ញា​សម្រាប់​ការចោទប្រកាន់​​ពី​បទ​រំលោភ​លើ​ច្បាប់​នៃ​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​សម្រាប់​ស្ត្រី​ដោយ​ផ្អែកលើ​ច្បាប់​អ៊ីស្លាម សារៀ (Sharia) ។​

​ថា​រ៉េមី​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ជុំ​ទី​២​ក្នុង​ពូ​ល B របស់​អ៊ីរ៉ង់​ទល់​នឹង​វែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា “​ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​អំពី​បញ្ហានយោបាយ​ទេ​ប៉ុន្តែ​យើង​មិន​ស្ថិត​ក្រោម​សម្ពាធ​​ណាមួយ​ឡើយ​។​ខ្ញុំ​ដឹង​ថា​សំណួរ​ប្រភេទ​នេះ​នឹង​ត្រូវ​សួរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ វា​មិន​សំខាន់​ទេ ព្រោះ​មនុស្ស​ខ្លះ​នឹង​នៅតែ​សរសេរ​អ្វី​ដែល​ពួក​គេ​ចង់​សរសេរ​”​។​

“​ដូច្នេះ​ខ្ញុំ​ចង់​និយាយ​តែ​ពី​បញ្ហា​នយោបាយ​ជា​លក្ខណៈ​ឯកជន ឬ​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ប៉ុណ្ណោះ​”​។​

​ថា​រ៉េមី ដែល​បាន​ស៊ុត​បញ្ចូល​ទី​ទាំង​ពីរ​គ្រាប់​របស់​អ៊ីរ៉ង់​ក្នុង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វីដៃ​អង់គ្លេស បាន​និយាយថា “​ពួកយើង​មកលេង​បាល់ទាត់ មិន​គ្រាន់តែ​ពួក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កីឡាករ​ទាំងអស់​នៅ​ទី​នេះ​នៅក្នុង​ប្រទេស​កាតា​”​។​

“​ខ្លួន​ខ្ញុំ​និង​មនុស្ស​រាប់ពាន់​នាក់​ដូច​ខ្ញុំ​ដែរ គឺ​មាន​អំណាច​ក្នុង​ការផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​”​។​

​គ្រូបង្វឹក​អ៊ីរ៉ង់​លោក កា​ឡូ​ស គ្វៀ​រូស (Carlos Queiroz) ក៏​បាន​និយាយ​ដែរ​ថា គាត់​មិន​ជឿថា កីឡា​និង​នយោបាយ​គួរតែ​លាយឡំ​គ្នា​នោះទេ​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ពោរពេញ​ដោយ​បទពិសោធន៍​រូប​នេះ​បាន​និយាយថា “​យើង​មិន​ចង់​លាយ​បញ្ចូល​បញ្ហា​ទាំងនោះ​ក្នុងពេល​ដែល​យើង​លេង​បាល់ទាត់​នោះទេ​”​។​

“​អ្វី​ដែល​ខ្ញុំ​យល់ឃើញ​ថា​ចម្លែក​ក្នុងនាម​ជា​ពលរដ្ឋ​តូច​ទាប​ម្នាក់​នៃ​ពិភពលោក​គឺ​ថា អ្នក​មិន​មាន​សំណួរ​ដូចគ្នា​ចំពោះ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ផ្សេង​នោះទេ​”​។​

“​ដើម្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​តែ​ម្នាក់​គត់​ត្រូវ​ផ្តល់​ចម្លើយ​ដល់​អ្នក​អំពី​បញ្ហា​របស់​មនុស្សជាតិ​ទូទាំង​ពិភពលោក ខ្ញុំ​គិតថា​វា​មិន​យុត្តិធម៌​ទេ​”៕

​ថេ​រ៉េមី (​ស្តាំ​) អះអាង​ថា​ជម្រើសជាតិ​អ៊ីរ៉ង់​មិន​ស្ថិត​ក្រោម​សម្ពាធ​រដ្ឋាភិបាល​នោះ​ទេ ក្រោយ​ក្រុម​ទាំងមូល​មិន​ព្រម​ច្រៀង​ចម្រៀង​ជាតិ