​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន​នានា​បាន​និយាយថា អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចាប់ខ្លួន​អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដែល​មាន​ដើមកំណើត​ជនជាតិ​ឃឺ​ដ ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការតវ៉ា​ដែល​បាន​អង្រួន​ប្រទេស​នេះ​ចាប់​តាំងពី​ខែកញ្ញា​មក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Fars​បាន​រាយការណ៍​ថា កីឡាករ វ៉ូ​រី​យ៉ា ហ្គា​ហ្វួ​រី (Voria Ghafouri) ជា​មនុស្ស​រិះគន់​មិន​សំចៃមាត់​ដែល​បាន​បង្ហាញខ្លួន ២៨ ដង​សម្រាប់​ជម្រើស​ជាតិ​អ៊ីរ៉ង់​រហូតដល់​ឆ្នាំ ២០១៩ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ម៉ោង​ហ្វឹកហាត់​របស់​ក្លិប​របស់គេ ជុំវិញ​ការចោទប្រកាន់​ថា រូបគេ​បាន​ផ្សព្វផ្សាយ “​ការឃោសនា​” ប្រឆាំង​នឹង​សាធារណរដ្ឋ​អ៊ីស្លាម​។​

​ហ្គា​ហ្វួ​រី​គឺជា​មនុស្ស​ល្បី​បំផុត​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការបង្ក្រាប​យ៉ាង​ទូលំទូលាយ​លើ​ការតវ៉ា​ចំ​ពេល​មាន​ការ​ពិនិត្យពិច័យ​យ៉ាង​តឹងរ៉ឹង​លើ​ការប្រព្រឹត្ត​របស់​ក្រុម​ជម្រើសជាតិ​ក្នុង​ការប្រកួត​​វើល​ខាប់​នៅ​ប្រទេសកាតា​។​

​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​បដិសេធ​មិន​ច្រៀង​ភ្លេងជាតិ​ក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​។​

​ប៉ុន្តែ​ក្តីបារម្ភ​ក៏​កំពុង​កើន​ឡើង​ផងដែរ​ជុំវិញ​វិសាលភាព​នៃ​ការបង្ក្រាប​របស់​អាជ្ញាធ​រ​នៅក្នុង​តំបន់ឃឺដ​ភាគ​ខាងលិ​ចនៃ​ប្រទេស​អ៊ីរ៉ង់ ជា​ទី​ដែល​កីឡាករ​ហ្គា​ហ្វួ​រី​សាទរ ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ជា​ច្រើន​និយាយ​ថា មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​សម្លាប់​កាលពី​សប្តាហ៍​មុន​តែ​ឯង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Fars បាន​និយាយថា ហ្គា​ហ្វួ​រី​ត្រូវបាន​ឃុំ​ខ្លួន​បន្ទាប់​ពី​ម៉ោង​ហ្វឹកហាត់​ជាមួយ​ក្លិប​របស់គាត់ Foolad Khuzestan ក្រោម​បទ​ចោទប្រកាន់​ថា​បាន​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ជម្រើស​ជាតិ និង​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​នឹង​រដ្ឋ​។​

​អង្គការ​សិទ្ធិមនុស្ស ដែល​ផ្តោត​លើ​ជនជាតិ​ឃឺ​ដ Hengaw មាន​មូលដ្ឋាន​នៅ​ប្រទេសន័​រវេស​ក៏​បាន​និយាយដែ​រ​ថា កីឡាករ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បង្ហោះ​រូបភាព​កីឡាករ​ក្នុង​ឈុត​ប្រពៃណី​ជនជាតិ​ឃឺ​ដ​។​

​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ អា​លី ការី​មី (Ali Karimi) ដែល​ជា​អ្នកគាំទ្រ​ការតវ៉ា​មិន​សំចៃមាត់​ម្នាក់ទៀត ក៏​បាន​បង្ហោះ​រូបថត​ដូច​គ្នា​របស់​ហ្គា​ហ្វួ​រី​នៅលើ​គណនី Twitter របស់​គាត់​ដែរ​ដើម្បី​គាំទ្រ​ដល់​កីឡាករ​រូបនេះ​។​

​គាត់​បានសរសេរថា “​សម្រាប់​វ៉ូ​រី​យ៉ា​ជាទី​គោរព​ខ្ពង់ខ្ពស់​”៕

កីឡាករ វ៉ូ​រី​យ៉ា ហ្គា​ហ្វួ​រី ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ម៉ោង​ហ្វឹកហាត់​នៅ​ក្លិប Foolad Khuzestan