ដោយៈ តាកែវ / តាកែវ ៖ ធុងចម្រុះទឹកស្អាត ដែលជាជំនួយឧបត្ភម្ភរបស់ ក្រុមហ៊ុនស៊ីបកូរ តាមរយៈសមាគមមិត្តនារីកម្ពុជា ចំនួន ៣ ពាន់ធុង ផ្តល់មកឱ្យក្រុងដូនកែវ នាពេលនេះ ត្រូវបានចែកជូនកំលាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ជាមួយនឹងការចែកនូវធុងចម្រុះទឹកស្អាតនេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស៊ីបកូរ ដែលបានជួយឧបត្ភម្ភ នូវធុងចម្រុះទឹកនេះ តាមរយៈសមាគមមិត្តនារី កម្ពុជា សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅក្នុងក្រុងដូនកែវ ។ ក្នុងនោះ លោក កង អាណាន់ ក៏បានជំរុញដល់កងកំលាំងប្រជាការពារ ទាំងអស់ នៅតាមមូលដ្ឋាន ត្រូវចូលរួមសហការជាមួយ កំលាំងសមត្ថកិច្ច ឱ្យបានជាប់ជាប្រចាំ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបានល្អ ជាពិសេសទប់ស្កាត់​នូវអំពើចោរលួច ចោរឆក់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។


លោកអភិបាលក្រុង បានបន្តថាៈ មួយរយៈកន្លងទៅនេះ យើងសង្កេតឃើញថា មានបងប្អូន ប្រជាពលរដ្ឋជាច្រើន មានការភិតភ័យ នូវសកម្មភាពចោរកម្ម ដែលកើតមានឡើងជាច្រើន នៅតាមផ្ទះប្រជាពលរដ្ឋ ហើយបន្ទាប់ពីមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ច ក្នុងនោះ កងកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលួច យ៉ាងសកម្ម នៅក្នុងមូលដ្ឋាន បានចំនួន ៧នាក់ និងបន្តតាមចាប់ខ្លួនបក្ខពួកជាបន្តបន្ទាប់ ទើបមួយរយៈក្រោយមកនេះ យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ មានការសាទរដល់ កំលាំងសមត្ថកិច្ច លើការបង្ក្រាបក្រុមចោរលួច ទាំងនោះបាន ធ្វើឱ្យសកម្មភាពចោរកម្ម នៅក្នុងក្រុងដូនកែវ មានការស្ងប់ស្ងាត់ជាធម្មតាវិញ៕ /V-PC