ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ បណ្តាញស្រ្តី ជាអ្នកដឹកនាំ ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត​និងអនាម័យ នៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ពេជ្រ សោភា ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងអង្គការវ៉តធើអេត និងថ្នាក់ដឹកនាំស្រ្តី មកពីមន្ទីរស្ថាប័ន ជុំវិញខេត្ត។

កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដោយមន្ទីរកិច្ចការនារី សហការជាមួយអង្គការវ៉តធើអេត ក្នុងគោលបំណង បង្ហាញពីលទ្ធផលកិច្ចប្រជុំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ដីពីតួនាទី ការទទួលខុសត្រូវ របស់បណ្តាញស្រ្តី និងផែនការសកម្មភាព ការចែករំលែកបទពិសោធន៍ ដែលបានយកចំណេះដឹង ទទូលពីវគ្គបណ្ុះបណ្តាល លើកទី៤ ក្រោមប្រធានបទ ” យេនឌ័រ ក្នុងវិស័យទឹកស្អាត ស្រ្តីនិយមមាតាធិបតេយ្យ ” យកទៅអនុវត្តបន្ត ក្នុងអង្គភាព និងផែនការ អនុវត្តបន្ត ដែលបានពិភាក្សាក្នុងអង្គប្រជុំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

លោកស្រី តុង ណារី បានមានប្រសាសន៍ថ្លែង នូវអំណរគុណ ចំពោះអង្គការវ៉តធើអេត តែងតែជួយគាំទ្រ ផ្នែកសេវាទឹកស្អាត និងអនាម័យ ក្នុងខេត្តកំពង់ឆ្នាំង ពិសេសបានផ្តួចផ្តើម និងដឹកនាំឱ្យមានបណ្តាញស្រ្តី នៅថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំស្រ្តី ដែលមានសក្តានុពល និងបទពិសោធន៍ ក្នុងការពង្រឹងសេវា ជាពិសេសលើវិស័យទឹកស្អាត និងអនាម័យ ដើម្បីធ្វើការអនុវត្តសកម្មភាពឆ្លើយតប និងផ្តល់ចំណេះដឹងជំនាញទន់សំខាន់ៗ ដូចជាការសម្របសម្រួល ការស្វែងរកមតិគាំទ្រភាពសកម្ម ការគិតបែបវិជ្ជមាន របៀបនៃ ការបង្រៀន និងបង្វឹក រួមជាមួយចំណេះដឹង អំពីសមាសភាពយេនឌ័រ ទឹកស្អាត និងអនាម័យ នៅថ្នាក់ក្រោមជាតិ៕/V-PC