​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​និង​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា​ថា​ឥឡូវ​នេះ​មាន​ការ​​គំរាមកំហែង​ជិត​មក​ដល់​នៃ​ជំងឺ​កញ្ជ្រឹល​ដែល​នឹង​ឆ្លង​រាលដាល​នៅក្នុង​តំបន់​ផ្សេងៗ​ទូ​ទាំង​សកលលោក ដោយសារ​តែ​ជំងឺ​កូវី​ដ​១៩​បាន​នាំឱ្យ​មាន​ការថយចុះ​ជា​លំដាប់​នៃ​ការចាក់​ថ្នាំ​បង្ការ​និង​ការចុះ​​ខ្សោយ​នៃ​ការឃ្លាំមើល​ជំងឺ​នេះ​។​

​កញ្ជ្រឹល​គឺជា​មេរោគ​ឆ្លង​បំផុត​មួយ​របស់​មនុស្ស ហើយ​ស្ទើរតែ​អាច​ការពារ​បាន​ទាំងស្រុង​តាម​រយៈ​ការចាក់​វ៉ាក់សាំង​។ ទោះយ៉ាងណា វា​ទាមទារ​ការចាក់​វ៉ាក់សាំង ៩៥​ភាគរយ​ដើម្បី​ការពារ​ការ​ផ្ទុះឡើង​​ជំងឺ​នេះ​ក្នុងចំណោម​ប្រជាជន​។​

WHO និង​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក (CDC)​បាន​និយាយ​នៅក្នុង​របាយការណ៍​រួម​មួយ​ថា កុមារ​ជិត ៤០ លាន​នាក់​បាន​ខកខាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ក្នុង​ឆ្នាំ ២០២១ ដោយសារ​តែ​ឧបសគ្គ​ដែល​បង្កើតឡើង​ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​។​

​លោក ផា​ទ្រី​ក អូ​ខូន​ន័​រ (Patrick O’Connor)​ជា​អ្នកដឹកនាំ​ប្រឆាំង​ជំងឺ​កញ្ជ្រឹល​របស់ WHO បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ថា​ខណៈ​ករណី​ជំងឺ​កញ្ជ្រឹល​មិនទាន់​កើនឡើង​ខ្លាំង​បើ​ប្រៀបធៀប​​ទៅនឹង​ឆ្នាំ​មុនៗ ឥឡូវ​នេះ​ដល់​ពេល​ត្រូវធ្វើ​សកម្មភាព​ហើយ​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា “​យើង​បាន​មកដល់​ផ្លូវបំបែក​។ វា​នឹង​ក្លាយ​ជា​ការពិបាក​ខ្លាំង​ក្នុង​រយៈពេល ១២-២៤ ខែ​ក្នុង​ការព្យាយាម​កាត់បន្ថយ​ជំងឺ​នេះ​”​។​

​ដោយ​ចង្អុល​ពី​លក្ខណៈ​នៃ​ការឆ្លង​ខ្លាំង​នៃ​ជំងឺ​កញ្ជ្រឹល លោក​អូ​ខូន​ន័របា​ននិយាយថា ការរួម​បញ្ចូល​គ្នា​នៃ​កត្តា​ដូចជា វិធានការ​រក្សា​គម្លាត​សង្គម​និង​លក្ខណៈ​វដ្ត​នៃ​ជំងឺ​កញ្ជ្រឹល​ប្រហែល​អាច​ពន្យល់​ពី​មូល​​ហេតុដែល​មិនទាន់​មាន​ការផ្ទុះ​ករណី​ឆ្លង​ខ្លាំង​ត្បិត​មាន​គម្លាត​ភាពស៊ាំ​កើនឡើង​ខ្លាំង​ក្តី ប៉ុន្តែ​រឿង​នោះ​អាច​នឹង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។​

​លោក​អូ​ខូន​ន័របា​ននិយាយថា WHO បាន​ឃើញ​ការកើនឡើង​នៃ​ករណី​ជំងឺ​កញ្ជ្រឹល​ចាប់តាំងពី​ដើមឆ្នាំ ២០២២ ដែល​កើនឡើង​ពី ១៩ ទៅជិត ៣០ ករណី​នៅ​ខែ​កញ្ញា ដោយ​បន្ថែម​ថា គាត់​មាន​ការព្រួយបារម្ភ​ជា​ពិសេស​អំពី​ផ្នែក​ខ្លះ​នៃ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​៕

ដប​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល MMR​