ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានភាពភ្លៀងធ្លាក់ខុសប្រក្រតី នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ចុះខ្សោយបន្តិចទៅវិញ  តែចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ វិច្ឆិកា ទៅ ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ បានត្រឡប់មកវិញ ។ នៅដើមខែធ្នូ អាចនឹងមានវិសម្ពាធ ឬកូនព្យុះ កើតមាន នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយថែម ច្រើនមកទៀត នៅក្នុងប្រទេសកម្ពុជា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ស្ថានភាពភ្លៀង ធ្លាក់ខុស ប្រក្រតី នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ចុះខ្សោយបន្តិចទៅវិញ  តែចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ វិច្ឆិកា មានភ្លៀងធ្លាក់រាយប៉ាយច្រើន ត្រឡប់មកវិញ និងនៅដើមខែធ្នូ អាចនឹងមានវិសម្ពាធ ឬ កូនព្យុះ​ កើតមាននៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ថែមច្រើន មកទៀត។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ភ្លៀងធ្លាក់រាយប៉ាយ ខុសប្រក្រតី ស្ទើររាល់ថ្ងៃ នៅក្នុងខែវិច្ឆិកានេះ កើតឡើង ដោយសារសម្ពាធទាបតូចៗ រុញជាបន្តបន្ទាប់ មកពីភាគអគ្នេយ៍ ក្នុងពេលសម្ពាធខ្ពស់ ដែលមកដល់ពេលនេះ (២៥វិច្ឆិកា) មិនទាន់មានឥទ្ធិពលមកដល់។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកាថាៈ នៅក្នុងខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់រាល់ថ្ងៃ តែមិនបង្កឱ្យមានការ លិចលង់ទេ។ ភ្លៀងធ្លាក់រយៈពេល ២៤ ម៉ោង
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ មានកម្រិតពីមួយ ដល់ ៤៥ មីលីម៉ែត្រ។ ទ្វារទឹករលាំងជ្រៃមួយទ្វារ បានបើកកម្ពស់ ០,៨០ ម៉ែត្រ បង្ហូរទឹក ទម្លាក់ទឹកចូលស្ទឹងព្រែកត្នោត។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានជូនដំណឹង ស្តីពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាថាៈ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម និងនៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ (ជើង) ទទួលនូវឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី និងខេត្ត នៅភាគខាងក្រោម (ត្បូង) បន្តទទួលឥទ្ធិពល ពីជល្រងសម្ពាធទាប បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គររន្ទះ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ  សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។ នៅចន្លោះថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គររន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣៣ អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣១ ទៅ ៣៣ អង្សាសេ។ នៅចន្លោះថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចតួច៕ V / N