ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ អំពីសៀវភៅ “​ ផែនការជាតិប្រឆាំងភេរវកម្ម “។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ សិក្ខាសាលានាពេល នេះ សម្រាប់ធ្វើការស្វែងយល់ ពីសន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងបានផ្ដល់ចំណេះដឹងថ្មីៗ ដល់អស់លោក លោកស្រី អំពីការប្រឆាំងភេរវកម្ម ការសំអាតប្រាក់ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅលើពិភពលោក និងមានសន្តិភាព ប្រសិនបើអាវុធមហាប្រល័យទាំងអស់ ត្រូវបានហាមឃាត់ទាំងស្រុងនោះ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថាៈ គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំង ភេរវកម្ម គឺជាការសម្របសម្រួលនីតិវិធីនានា ក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំង ភេរវកម្ម រួមទាំងការលាងសំអាតប្រាក់ ហិរញ្ញប្រទានភេវកម្ម ព្រមទាំងហិរញ្ញប្បទាន ដល់ការរីករាលសាយភាយ អាវុធមហាប្រល័យលោក ដែលជាការផ្ដើមគំនិត បង្កើតឡើងដោយ កត្តាមនុស្សមួយចំនួន នៅលើពិភពលោកយើងនេះ។

លោកបណ្ឌិត ឈួន ចាន់ថន បានមានប្រសាសន៍ និងធ្វើបទបង្ហាញដល់ សិក្ខាកាមចូលរួម ស្ដីពីការប្រឆាំងភេរវកម្ម ដោយមានខ្លឹមសារ បញ្ជាក់ថាៈ កម្ពុជាជាភាគីមួយ នៃអនុសញ្ញា ពិធីសារ ការសម្រេចចិត្ត និងអនុសាសន៍មួយចំនួន ទាក់ទងនឹងភេរវកម្មរបស់អង្គការ សហប្រជាជាតិ បូករួមនឹងច្បាប់ផ្សេងៗទៀត រួមមាន ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ដែលគេនិយមថា ការសម្អាតលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលច្បាប់នេះ ប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស / រកម / ០៦២០ / ០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។

លោកបណ្ឌិត បានបញ្ជាក់ថាៈ ភេរវកម្ម គឺជាបញ្ហាអន្តរជាតិ ដែលតភ្ជាប់ពាសពេញពិភពលោក រួមទាំងនៅក្នុងតំបន់យើងដែរ។ ភេរវកម្ម គ្មានព្រំដែនកំណត់នោះទេ។ ការប្រយុទ្ធនឹងអំពើ ភេរវកម្ម តម្រូវឲ្យមានកិច្ចសហការប្រតិបត្តិការ នឹងការសម្របសម្រួល ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕/V-PC