ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារ ដើម្បីចូលរួមកម្មវិធី មាតុភូមិនិវត្តន៍ អដិ្ឋធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថាៈ ក្នុងនាមប្រតិភូក្រុមការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ការរៀបចំបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់កក់ក្តៅ ពីភាគីមិត្តវៀតណាម។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកងទ័ពប្រជាជនវៀតណាម ដែលបានយកចិត្តទុកដាក់ផ្តល់ដីបញ្ចុះសព និងសាងសង់ បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ព្រមទាំងថែទាំដ៏ល្អ ក្នុងពេលដែលកម្ពុជា ពុំទាន់មានលទ្ធភាព ធ្វើមាតុភូមិនិវត្តន៍ បងប្អូនទាំងនោះ។ ពេលនេះ ជាពេលវេលា សមស្របដែលកម្ពុជា មានសន្តិភាពពេញលេញ ហើយបាននិងកំពុងយកចិត្តទុកដាក់ ការងារស្រាវជ្រាវប្រវត្តិសាស្ត្រ យោធា ក្នុងនោះការងារកសាង តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម អ៊ិច១៦ បាននិងកំពុងដំណើរការ រហូតដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ បានបន្ថែមថាៈ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនេះ គឺបានឆ្លុះបញ្ចាំងពី ការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយកសាងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះ ជាតិកម្ពុជា ដើម្បីឆ្ពោះទៅការផ្តូល រំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត និងបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធជនពលីកម្ពុជា ជាភស្តុតាងគូសបញ្ជាក់ ពីមិត្តភាពរវាងកម្ពុជា វៀតណាមតែងជួយគ្នាទៅវិញទៅមក​ពិសេសការជួយសង្រ្គោះអាយុជីវិត ប្រជាជន និងមាតុភូមិកម្ពុជា ពីរបបប្រល័យពួជសាសន៍។ ម៉្យាងទៀត ដើម្បីឱ្យប្រជាជនកម្ពុជា ពិសេសយុវជន យល់ដឹងបានត្រឹមត្រូវ អំពីមិត្តភាពដែលជាសច្ចៈធម៌ ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជា ជាមួយនឹងវៀតណាម ទប់ស្កាត់នូវឧបាយកលបំផ្លើស ញុះញង់ពី មជ្ឈដ្ឋានអគតិ ប្រតិកិរិយាដែលតែងតែឃោសនាបំបែកបំបាក់មិត្តភាពកម្ពុជា វៀតណាម។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានផ្ញើលិខិតស្នើសុំ កិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចាត់ចែង រៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា​ ទាំង ៤៩ សព ពីបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដែលស្ថិតនៅភូមិសូសរាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រឡប់ទៅព្រះរាជាណា ចក្រកម្ពុជាវិញ។

ក្រុមការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា បានបែងចែកការងារដូចខាងក្រោម៖

១៖ អំពីក្រុមការងារ បានបែងចែកជា៧ផ្នែក ទទួលខុសត្រូវជំនាញនីមួយគឺ៖ ផ្នែកទំនាក់ទំនង, ផ្នែកពិធីការប្រពៃណី សាសនា, ផ្នែកពិធីការរដ្ឋនិងកងទ័ព, ផ្នែកវិស្វកម្ម, ផ្នែកព័ត៌មាន ផ្សព្វផ្សាយ និងឯកសារ, ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់, និងផ្នែកធានា ផ្គត់ផ្គង់ ភស្តុភារ និងហិរញ្ញវត្ថុ។

២៖ អំពីកាលបរិច្ឆេទ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងប្រារព្ធពិធីបើកផ្នូររៀបចំ សម្អាតវេចខ្ចប់ លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នឹងរៀបចំពិធីដង្ហែ និងពិធីផ្ទេរប្រគល់ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។

៣៖ អំពីការងារបច្ចេកទេស៖ រៀបចំតាមទំនៀមទម្លាប់ប្រពៃណី សាសន៍កម្ពុជា និងរៀបចំតាមពិធីការរដ្ឋនិងកងទ័ព។

៤៖ អំពីសមាសភាពក្នុងពិធីបើកផ្នូរ និងពិធីផ្ទេរ ប្រគល់៖ គណៈអធិបតី, ភ្ញៀវកិត្តិយស, កងកម្លាំងប្រដាប់អាវុធ, មហាជន។

៥៖ អំពីក្បួនដង្ហែ៖ ការរៀបចំក្បួន និងចំនួនរថយន្តសម្រាប់ប្រើប្រាស់ក្នុងពិធីដង្ហែនេះ នឹងជូនដំណឹងតាមផ្លូវការ។

៦៖ សំណូមពរសូមភាគីមិត្តវៀមណាមជួយ៖ កម្លាំងជីកបើកផ្នូរ និងលុបសម្អាត, ស្នើសុំសាងសង់ផ្ទាំងសិលាចារិកអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា៤៩រូប, សម្ភារ ឧបករណ៍ សម្រាប់ជីកបើកផ្នូរ, រៀបចំវេទិកាប្រារព្ធពិធី ចំណែកឯការតុបតែង សុំឱ្យភាគីកម្ពុជាចូលរួម សហការស្របតាមប្រពៃណី ទំនៀមទម្លាប់ សាសនា និងពិធីកងទ័ពកម្ពុជា, សុំយករថយន្ត សម្រាប់ដឹកជញ្ជូន និងកម្លាំងអនុវត្តផ្ទាល់ចំនួន ១៥នាក់ ចូលក្នុងប្រទេសវៀតណាម, សុំរថយន្តនាំក្បួន និងការពារសន្តិសុខក្នុងអធិបតេយ្យវៀតណាម, អញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស មហាជន ចូលរួមក្នុងពិធីបើកផ្នូរ ការដង្ហែ និងការផ្ទេរ ប្រគល់, ចន្លោះពីការប្រជុំ នាថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធី សុំរក្សាការទំនាក់ទំនងជូនដំណឹង និងសុំកិច្ចសហការ នៅពេលអនុវត្តជាក់ស្តែង៕ V / N