ដោយៈ មេសា / ភ្នំពេញៈ ថ្នាំជក់ បារីអេឡិចត្រូនិក ឬ វេប និង គ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ពិភពលោក ឬ World Cup ដែលប្រារព្ធនៅប្រទេសកាតា នាឆ្នាំនេះ ។ ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹង នៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូ ពិសេស រវាងសហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភព លោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់ អាចរីករាយជាមួយខ្យល់អាកាស គ្មានផ្សែងថ្នាំជក់ និង បរិយាកាសល្អ ដែលមិនបង្កដោយ ការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជា ធានាឱ្យព្រឹត្តិការណ៍ មួយនេះ ប្រកបដោយសុខុមាលភាពល្អ និងសុវត្ថិភាព ។

វិធានការហាមឃាត់ ខាងលើនេះ គឺស្របតាមអនុសាសន៍របស់ អង្គការសុខភាពពិភពលោក សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណង ការពាសិទ្ធិរបស់មនុស្ស ក្នុងការដកដង្ហើម ខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ ។
យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថាៈ ថ្នាំជក់ នៅតែជាការគំរាមកំហែង ដល់សុខភាពសាធារណៈ ដ៏ធំបំផុត ដែលបានសម្លាប់មនុស្ស ជុំវិញពិភពលោក ៧ លាននាក់ ក្នុងមួយឆ្នាំ ពីការប្រើប្រាស់ថ្នាំជក់ ដោយផ្ទាល់ និង ១,២ លាននាក់ទៀត ពីផលប៉ះពាល់ នៃផ្សែងថ្នាំជក់ ។ អ្នករៀបចំការប្រកួត បានចាត់វិធានការ ជាគោលដៅ ដើម្បីធានាថា អ្នកគាំទ្រ អាចរីករាយនឹងការប្រកួត ដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗ ពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់ អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រងថ្នាំជក់ បាននិយាយថាៈ « ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយ ផលិតផលថ្នាំជក់ ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់ ។ ការប្រកួតបាល់ទាត់​ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើង នៅប្រទេសកាតា ក្នុងឆ្នាំ ២០២២ ផ្តល់នូវឱកាស ដ៏មានឥទ្ធិពលមួយ ដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែង គ្រប់គ្រងថ្នាំជក់ ជាសកលទៅកាន់កម្រិតថ្មីមួយ » ។

ចំណែកគ្រឿងស្រវឹងវិញ ប្រធាន FIFA លោក GIANNI INFANTINO បាននិយាយថាៈ « ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង ក្នុងបរិវេណកីឡដ្ឋាន មិនមែនមានតែនៅប្រទេសកាតា ប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ និង ស្កុតឡែន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹង ក្នុងបរិវេណកីឡាដ្ឋាន » ហើយលោក បានបញ្ជាក់ថាៈ « ប្រសិនបើអ្នកមិនផឹកគ្រឿងស្រវឹងរយៈពេល៣ម៉ោង អ្នកនៅតែរស់ » ៕ V / N