​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា​បង្ហាញ​ម៉ូត​មាឌធំ​ដែល​ខឹងសម្បា​ម្នាក់ បាន​និយាយថា នាង​ត្រូវបាន​ឃាត់​មិន​អោយ​ឡើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways​ទៅកាន់​​ប្រទេស​កំណើត​ប្រេ​ស៊ីល​របស់​នាង ដោយសារតែ​នាង​ធាត់​ពេក​អង្គុយ​លើ​កៅអី​របស់​គេ​មិន​បាន​ទេ​។​

​តារា​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម នាង ជូ​លី​យ៉ាណា ណេ​ម៉េ (Juliana Nehme) អាយុ ៣៨ ឆ្នាំ​ឥឡូវនេះ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​អាកាសចរណ៍​មជ្ឈិមបូព៌ា​មួយ​នេះ​ថា​រើសអើង​នាង​ដោយសារតែ​​មាឌ​របស់​នាង​។​

​នៅក្នុង​សារ​បង្ហោះ​សម្រាប់​អ្នក​តាមដាន Instagram របស់​នាង ១១៨.០០០ នាក់ នាង​ជូ​លី​យ៉ាណា​បាន​និយាយថា នាង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​ពី​ទីក្រុង​បៃរូត​ទៅ​ទីក្រុង​ដូ​ហា​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​ទេ​។​

​នាង​បាន​ប្រាប់​អ្នកតាមដាន​របស់​នាង​ថា នាង​បាន​ទៅ​វិស្សមកាល​នៅ​លី​បង់​ជា​មួយ​ក្រុម​គ្រួសារ ហើយ​បាន​មកដល់​ប្រទេស​នេះ​តាមរយៈ​ក្រុមហ៊ុន Air France ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ប៉ុន្តែ​​ការបដិសេធ​មិនឱ្យ​ឡើង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ​ជើង​ទី​មួយ​របស់​នាង​បានន័យថា នាង​ក៏​បន្ត​ខកខាន​ការបន្ត​ជើងហោះហើរ​ទៅ​ទីក្រុង​សៅ​ប៉ូ​ឡូ កន្លែង​ដែល​នាង​រស់នៅ​ផង​ដែរ​។​

​នាង​ចូលី​យ៉ាណា​បាន​និយាយថា ក្រុមហ៊ុន Qatar Airways​មិន​សង​លុយ ៨៣០ ផោន​ដែល​នាង​បាន​បង់​សម្រាប់​ថ្លៃ​សំបុត្រ​របស់​នាង​នោះ​ទេ​។ ផ្ទុយទៅវិញ តារា​មាន​ឥទ្ធិពល​រូបនេះ​បាន​អះអាងថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​និយាយថា នាង​ត្រូវ​ទិញ​សំបុត្រ​ថ្នាក់​ទី​១ ដែល​មាន​កៅអី​ធំ​ជាង តម្លៃ ២.៤៨០ ផោន ដូច្នេះ​ទើប​នាង​អាច​អង្គុយ​ត្រូវ​នឹង​កៅអី​នៅលើ​យន្តហោះ​។​

​នាង​ចូលី​យ៉ាណា​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដើម្បី​បញ្ចេញ​កំហឹង យ៉ាង​ដូច្នេះ “​គេ​បដិសេធ​សិទ្ធិ​ក្នុង​ការធ្វើដំណើរ​…​ខ្ញុំ​អស់​សង្ឃឹម​ណាស់ ជួយ​ខ្ញុំ​ផង គេ​មិន​ចង់ឱ្យ​ខ្ញុំ​ឡើង​យន្តហោះ​ទេ ព្រោះ​ខ្ញុំ​ធា​ត់​”​។​

​ចុងបញ្ចប់​នាង​ត្រូវ​ស្នាក់នៅ​ប្រទេស​លី​បង់​ជា​មួយ​ម្តាយ​របស់​នាង ខណៈ​ប្អូនស្រី​និង​ក្មួយប្រុស​របស់​នាង​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​នាង​បាន​ប្រាប់​អ្នកតាមដាន​របស់​នាង​ថា “​ពិតជា​អាម៉ាស់​ណាស់​សម្រាប់​ក្រុមហ៊ុន​ដូចជា Qatar ដែល​អនុញ្ញាត​ឱ្យ​មានកា​រ​រើសអើង​ប្រភេទ​នេះ​ប្រឆាំងនឹង​មនុស្ស​! ខ្ញុំ​ធាត់ ប៉ុន្តែ​ខ្ញុំ​ក៏​ដូច​អ្នក​ផ្សេង​ដែរ​!”៕

នាង ជូ​លី​យ៉ាណា ណេ​ម៉េ មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​របស់​ក្រុមហ៊ុន Qatar Airways ទេ ព្រោះ​នាង​ធាត់​ពេក