ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងជំនួយពិភាក្សាជាមួយ ប្រតិភូអង្គការ កយកា (KOICA) កូរ៉េ ដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេស នៃទីភ្នាក់ងារ KOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថាៈ ជំនួយ ដែលសាធារណរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកដង្កោ ខណ្ឌដង្កោ ជាជំនួយដែល រដ្ឋបាលរាជធានីភ្នំពេញ ចង់បានបំផុត ដើម្បីលើកកំពស់ សុខមាលភាពប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូន មកពីតាមបណ្តាខេត្តនានា មករកសេវាសុខាភិបាល នៅរាជធានីភ្នំពេញ មានការកើនឡើង ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ឃួង ស្រេង បានបង្ហាញពីការគាំទ្រពេញទំហឹង និងផ្តល់កិច្ចសហការ ដល់ដំណើរការ គម្រោងកែលំអ មន្ទីរពេទ្យបង្អែកដង្កោនេះ ទៅតាមស្តង់ដារបច្ចេកទេស និងគាំទ្រទៅលើ ការសាងសង់អាគារមន្ទីរពេទ្យថ្មី និងគាំទ្រឲ្យមានការសាងសង់ កំពស់លើសពី ៤ ជាន់ ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សា ទៅលើការឈានទៅដាក់មន្ទីរពេទ្យនេះ ដល់កំរិតទី៣ ។

លោក Ro Hyun Jun បានលើកឡើងថាៈ Koica បានដាក់ចេញគម្រោង ៣ ពីឆ្នាំ២០២៤ ដល់ ២០២៩ រួមមាន ការសាងសង់អាគារ ថ្មី, ការបំពាក់ឧបករណ៍បរិក្ខារពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែម ដល់បុគ្គលិកមន្ទីរពេទ្យ។

លោក Ro បានឱ្យដឹងទៀតថាៈ គម្រោងនេះ គ្រោងនឹងចំណាយថវិកា ១១ លានដុល្លារ សហរដ្ឋអាមេរិក។ ភាគី Koica បានចាប់ អារម្មណ៍លើភាពទាក់ទាញ សំរាប់អ្នកជំងឺ មិនចង់ឲ្យពួកគាត់ ទៅហួស មកហួស ឬទៅរកតែមន្ទីរពេទ្យធំៗ នៅកណ្តាលក្រុង។ ដូច្នេះ ការបំពាក់បរិក្ខារពេទ្យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់៕/V