ដោយ: បូកគោ / កំពត: របាយការណ៍សម្រាប់ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅទូទាំងពិភពលោក មានអ្នកជំងឺទឹកនោមផ្អែម ប្រហែល ៤២៥ លាននាក់។ អ្នកជំនាញ បានព្យាករណ៍ថា នាឆ្នាំ២០៣០ ខាងមុខ ជំងឺនេះ អាចនឹងកើនដល់ប្រមាណ ៩៤២ លាននាក់។ ដោយឡែក ក្នុងឆ្នាំ២០២២ ខេត្តកំពត មានអ្នកកើតជំងឺទឹកនោមផ្អែម ប្រមាណ ៦ ម៉ឺន ៧ ពាន់នាក់។ ករណីនេះ បានបង្កក្តីបារម្ភ ជាចម្បង ទើបមន្ត្រីជំនាញ និងអាជ្ញាធរ ស្នើដល់គ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ទាំងអស់គ្នា។

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរសុខាភិបាល សហការជាមួយរដ្ឋបាលខេត្តកំពត បានប្រារព្ធទិវាទឹកនោមផ្អែមពិភពលោក នៅបរិវេណរមណីយដ្ឋានស្រះឈូក ក្រុងកំពត។

ថ្លែងក្នុងពិធីខាងលើ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពត បានបញ្ជាក់ថាៈ នេះជាលើកដំបូង ដែលរដ្ឋបាលខេត្តកំពត ប្រារព្ធទិវាទឹកនោមផ្អែមពិភពលោក ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីផលប៉ះពាល់ ដែលបង្កឡើង ដោយជំងឺទឹកនោមផ្អែម។ ពិធីនេះ ក៏ស្ថិតក្នុងគោលបំណង លើកកម្ពស់ការអប់រំ កិច្ចការពារ និងការគ្រប់គ្រង ជំងឺទឹកនោម ផ្អែម ព្រមទាំងជំរុញចលនាពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពសកល ដ៏សំខាន់ផងដែរ។

លោកប្រធានមន្ទីរ បានបន្តថាៈ តាមរបាយការណ៍ បានបង្ហាញអំពីអ្នកកើតជំងឺទឹកនោមផ្អែម មានការកើនឡើង គួរឱ៊ឲ្យព្រួយបារម្ភ ដោយរៀងរាល់ ៨ វិនាទីម្តង មានអ្នកជំងឺទឹកនោមផ្អែម ម្នាក់ បានស្លាប់។

លោកស្រី វេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថាៈ ជំងឺទឹកនោម ផ្អែម បណ្តាលមកពីការបរិភោគអាហារ មិនមានសុខភាព និងកង្វះលំហាត់ប្រាណ។ ផលវិបាកនៃជំងឺនេះ គឺធ្វើឲ្យប៉ះពាល់បេះដូង ខូចភ្នែក បំផ្លាញតម្រងនោម ដំបៅជើង រហូតអាចតម្រូវដល់ការកាត់ចេញផងដែរ។

លោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ថាៈ ការព្យាបាលជំងឺទឹកនោមផ្អែម ត្រូវធ្វើពេញមួយជីវិត ព្រោះមិនមានថ្នាំព្យាបាល ឲ្យជាសះស្បើយបានឡើយ។ ប៉ុន្តែជំងឺនេះ អាចការពារបាន តាមរយៈការបរិភោគអាហារ មានសុខភាព និងធ្វើលំហាត់ប្រាណ ឲ្យបានត្រឹមត្រូវ ហើយទៀងទាត់បំផុត។ ដូច្នេះ ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ទាំងអស់គ្នា។

តាមការប៉ាន់ប្រមាណ ពីមន្ត្រីជំនាញ បានបង្ហាញថាៈ បច្ចុប្បន្ន នៅទូទាំងខេត្តកំពត មានអ្នកជំងឹទឹកនោមផ្អែម ប្រហែល ៦៧.០០០ នាក់។ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ កន្លងទៅនេះ ការពិនិត្យ និងព្យាបាល អ្នកជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកក្រុង ស្រុក ខេត្ត មានប្រមាណ ២.៨០០ ករណី។

មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តកំពត បានបញ្ជាក់ថាៈ ផ្អែកតាមការណែនាំរបស់ក្រសួង គឺនៅដើមឆ្នាំ២០២៣ ខាងមុខ សេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នឹងត្រូវពង្រីកដល់ គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីឆ្លើយតបការគ្របដណ្តប់សេវា ជាសកល ក៏ដូចជា ឆ្លើយតបនឹងកំណើន​គួរឲ្យព្រួយបារម្ភ នៃអ្នកកើតជំងឺទឹកនោមផ្អែម៕/V-PC