​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ហ្វូ​ស៊ីល​សត្វ​ល្មូ​ន​សមុទ្រ​អាយុ ១៨០ លាន​ឆ្នាំ​ត្រូវ​គេ​សន្មត​ថា​នឹង​លក់​ក្នុងតម្លៃ​ជាង ៥០០.០០០ ផោន (​ជាង​៦០​ម៉ឺន​ដុល្លារ​) នៅឯ​ការលក់​ដេញថ្លៃ​។​

​វា​គឺជា​គ្រោងឆ្អឹង​របស់​អ៊ី​ច​ធី​យ៉ូស័​រ (ichthyosaur) ជា​សត្វ​មំសាសី​ពូជ​ជូ​រ៉ា​ស​ស៊ី​ក (Jurassic) ប្រវែង​ប្រហែល ២,៤ ម៉ែត្រ ហើយ​ត្រូវ​បាន​រក្សាទុក​ក្នុង​ភក់​ទន់ៗ​បាន​យ៉ាង​ល្អ មុនពេល​គេ​ជីក​កកាយ​ឃើញ​វា​។​

​សំណាក​ឆ្អឹង​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ភូគព្ភសាស្ត្រ​ក្នុង​ទីក្រុង​ឡូ​រេ​ន (Lorraine) ប្រទេស​បារាំង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ក្នុងអំឡុងពេល​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន TGV​។​

​ដោយសារ​ហ្វូ​ស៊ីល​អ៊ីច​ធី​យ៉ូស័​រ​ពេញលេញ​ភាគច្រើន​ជា​ក​ម្ម​សិទ្ធិ​របស់​សារមន្ទីរ ចឹង​គ្រោង​ឆ្អឹង​ដែល​លេចឡើង​នៅ​លើ​ទីផ្សារ​ឯកជន​ជា​ធម្មតា​មាន​តម្លៃ​ខ្ពស់​ណាស់​។​

​គ្រោងឆ្អឹង​មួយ​នេះ​នឹង​ដាក់​លក់​ដេញថ្លៃ​នៅបុន​ហាម (Bonhams) ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ១៣ ខែ​ធ្នូ​ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​មាន​តម្លៃ​រាប់សែន​ដុល្លារ​។​

​លោកស្រី ក្លោ​ឌា ផ្ល​រៀន (Claudia Florian) នាយក​ប្រឹក្សា​នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​ធម្មជាតិ​បុន​ហាម (Bonhams) បាន​និយាយថា “​គ្រោងឆ្អឹង​នេះ​គឺ​ពេញលេញ​បំផុត ជាមួយនឹង​ឆ្អឹង​ដើម​នៅ​សល់​សរុប​ជាង ៨០ ភាគរយ​”​។​

“​វា​ជា​លើកទីមួយ​ហើយ ដែល​សំណាក​ពេញលេញ​បែបនេះ ដែល​រកឃើញ​នៅក្នុង​ប្រទេស​បារាំង នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​”៕

គ្រោងឆ្អឹង​សត្វ​ល្មូនសមុទ្រ អ៊ី​ច​ធី​យ៉ូស័​រ នឹង​លក់​ដេញថ្លៃ​នៅ​ថ្ងៃទី ១៣ ខែ​ធ្នូ