ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រកាសបើក ការប្រកួតជើងឯកជាតិ ឆ្នាំ២០២២ និងប្រកួតដណ្ដើមពានរង្វាន់ សហព័ន្ធលើកទី២ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៤ នៃថ្ងៃ ៧មករា ។

នេះជាការប្រកួត សម្រាប់កីឡាករ កីឡាការិនី ដែលមានកាយសម្បទាគ្រប់គ្រាន់ និង កីឡាជនពិការ របស់ប៉ារ៉ាឡាំពិក។ តាមការគ្រោងទុក ការប្រកួត នឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ ៦ ខែមករា ឆ្នាំ២០២៣ នាសាលដំបូលទូក ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិក។

សម្រាប់កីឡាជនពិការ ប្រកួតតែមួយវិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាវាយ ជាក្រុមបុរស ។ កីឡាជនពិការ មានក្លិបចំនួន ៥ ចូលរួមគឺ រាជធានីភ្នំពេញ, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្ត កណ្ដាល និងខេត្តកំពត ។

ចំពោះការប្រកួតសម្រាប់កីឡាករ កីឡាការិនី ដែលមានកាយសម្បទា គ្រប់គ្រាន់នោះ មានចំនួន ១០ វិញ្ញាសា ។ វិញ្ញាសាទាំង ១០ នោះ រួមមាន ការប្រកួតជាក្រុមបុរស ក្របខ័ណ្ឌ ក១, ប្រកួតជាគូបុរសក្របខ័ណ្ឌ ក១, ឯកត្តជនបុរសក្របខ័ណ្ឌ ក១, ឯកត្តជននារី ក្របខ័ណ្ឌ ក១, ប្រកួតជាក្រុមបុរស អាយុក្រោម១៨ឆ្នាំ, ប្រកួតជាគូបុរស អាយុក្រោម១៨ឆ្នាំ, ប្រកួតឯកត្តជន អាយុក្រោម ១៨ឆ្នាំ, ប្រកួតឯកត្តជននារី អាយុក្រោម ១៨ឆ្នាំ, ប្រកួតឯកត្តជនកុមារាអាយុ ក្រោម ១៥ឆ្នាំ និង ឯកត្តជនកុមារី អាយុក្រោម ១៥ឆ្នាំ ។

ការប្រកួតនេះ មានក្លិបចំនួន ៧ ចូលរួម ដោយបែងចែកជា ២ ពូល ដោយពូល A មាន ៣ ក្រុម គឺក្រសួងមហាផ្ទៃ ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង ពូល B មាន ៤ ក្រុមគឺ ខេត្តប៉ៃលិន ស្វាយ រៀង កំពង់ចាម និងខេត្តឧត្តរមានជ័យ ៕/V