ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតប្រដាល់សកលក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិលើកទី៣ ចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦ ខែវិច្ឆិកានេះទៅហើយ ។
ការប្រកួតមាន៩ប្រភេទទម្ងន់។ ទម្ងន់៤៨គីឡូក្រាមមានកីឡាករចំនួនបួនរូប ទម្ងន់៥១គីឡូក្រាមមានប្រាំរូប ទម្ងន់៥៤គីឡូក្រាមមានប្រាំរូប ទម្ងន់៥៧គីឡូក្រាមប្រាំមួយរូប ទម្ងន់៦០គីឡូក្រាមមានប្រាំមួយរូប ទម្ងន់៦៣,៥០គីឡូក្រាមមានប្រាំពីររូប ទម្ងន់៦៧គីឡូក្រាមមានប្រាំមួយរូប ទម្ងន់៧១គីឡូក្រាមានបួនរូបនិងទម្ងន់៧៥គីឡូក្រាមមានប្រាំរូប។ សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកាដែលជាថ្ងៃចាប់ផ្ដើមដំបូងមានការប្រកួតចំនួនប្រាំបីគូ គឺបួនប្រភេទទម្ងន់។
ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង ក្លិបក្រសួងការពារជាតិនោះប្រកួតជាមួយអ្នកប្រដាល់ ម៉ាប់ ថុនា ក្លិបក្រសួងមហាផ្ទៃក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។អ៊ូច ធារិទ្ធ ក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយ វណ្ណា លីហៀង មកពីខេត្តកណ្ដាលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សយ សី មកពីក្លិបខេត្តកែបប្រកួតជាមួយជើងខ្លាំង ទូច ដេវីដ ក្លិបក្រសួងការពារជាតិក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ងិន សិលា ក្លិបខេត្តកណ្ដាលប្រកួតជាមួយក្រុមសុខុមមកពីខេត្តព្រៃវែងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
វ៉ែន រដ្ឋា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកួតជាមួយឈាង សំអនក្លិបរាជធានីភ្នំពេញក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ម៉ាង ព្រហ្មម៉ាញ ក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយញ៉ាន កញ្ញា មកពីក្លិបខេត្តកណ្ដាល៦៣,៥០គីឡូក្រាម ។
តាំ តឺតក្លិបក្រសួងការពារជាតិប្រកួតជាមួយខុន ឌីណាមកពីខេត្តព្រៃវែងក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម និងអ្នកប្រដាល់ ឡាំង រិទ្ធី ក្លិបក្រសួងមហាផ្ទៃប្រកួតជាមួយគឹមសច្ចៈមកពីខេត្តកែបក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ៕