ដោយៈ វ៉ៃកូ / ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានបន្តដឹកនាំ កំលាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងល្បែងសុីសង ដែលធ្លាប់បានបើកខុសច្បាប់ (ឆ្នោតឡូតូ) បានចំនួន ៦ ទីតាំង ក្នុងនោះស្ថិតនៅក្នុងសង្កាត់បាទី មាន ៤ ទីតាំង និងសង្កាត់ប្រាសាទ មាន ២ទីតាំង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

 

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឱ្យដឹងថាៈ ក្រោយពីចុះត្រួតពិនិត្យ ឃើញថា គ្មានសកម្មភាព លេងល្បែងសុីសងទេ ក្រុមការងារ ក៏បានណែនាំបន្ថែម ដល់ម្ចាស់ទីតាំង ទាំងនោះ កុំឱ្យមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែលខុសច្បាប់។

ដោយឡែក លោកអភិបាលរងខេត្តស្វាយរៀង ទាំងពីរ បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំង ត្រូវចូលរួមបង្កើនកិច្ចសហការ ក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជា ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញ និងបំផុលចលនា ឱ្យមានការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ជាទីបំផុត៕/V-PC