ដោយៈសុផល/ភ្នំពេញ៖ សហភាពសហព័ន្ធ យុវជន កម្ពុជា(ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានចូលរួម ពីសំណាក់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាងស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានី ភ្នំពេញ។

មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុង គោល បំណង សំខាន់ៗ រួមមាន៖ (១) បូកសរុបសកម្មភាព និង សមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់ បច្ចុប្បន្ន, (២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក., (៣) បោះឆ្នោតបំពេញ បន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល, និង ៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុ ជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅ នាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផល ដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លង មកផងដែរ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ផ្តើមចេញពីកំណើ រណ សិរ្ស សាមគ្គីសង្គ្រោះ ជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធាន ស.ស.យ.ក. ឆ្លុះបញ្ចាំងពីតួនាទីស្នូល របស់ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមលើគ្រប់ ការដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួមដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួម របស់កម្ពុជាដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈ សង្គមនិងនិន្នាការនយោបាយដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេ ក្នុងប្រទេស និងបានឈានមុខក្នុងការចូល រួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួម គ្នាឆ្ពោះទៅកសាង សង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរមានវឌ្ឍនភាពរីកចំរើនលើ គ្រប់វិស័យ ក្នុង សេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០។សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំង ប្រទេសនេះ មិនត្រឹមតែជាការការបូកសរុបសមិទ្ធផលការងាររបស់ សហភាពសហព័ន្ធយុវជនកម្ពុជ ទូទាំង ប្រទេសនោះទេ ប៉ុន្តែក៏ ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុ ចូលបន្ថែមពង្រឹងនិងពង្រីក ទិសដៅសកម្មភាព បន្ត បំផុសស្មារតី ដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវ សមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕សរន-PC