​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ត្រេ​ស​)៖ ស្ត្រី​ម្នាក់​ដែល​បាន​វាយ​កូនស្រី​របស់​សង្សារ​ខ្លួន​ដល់​ស្លាប់​នៅក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ឆ្នាំមុន ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​សុក្រ​ទី២៥វិច្ឆិការនៅ​ពេល​ឪពុក​របស់​​ក្មេងស្រី​អាយុ​៨​ឆ្នាំ​រូប​នេះ​ជាប់គុក​ប្រាំបី​ឆ្នាំ​។​

​តុលាការ​ទីក្រុង​ហូជីមិញ​បាន​ផ្តន្ទាទោស ង្វៀន វ៉ូ គី​ញ ចាង​(Nguyen Vo Quynh Trang)​អាយុ​២៧​ឆ្នាំ​ដល់​ស្លាប់​ចំពោះ​ឃាតកម្មលើកកុមារដ៏ព្រៃផ្សៃ នៅពេល​សង្សារ​របស់​នា​ង​ដែល​ត្រូវជា​ឪពុក​ក្មេងស្រី លោក​ង្វៀន​​ គីម ជុង ថា​យ (Nguyen Kim Trung Thai)​អាយុ​៣៦​ឆ្នាំ ទទួលទោស​ជាប់គុក​បី​ឆ្នាំ​ចំពោះ​ការធ្វើ​ទារុណកម្ម​និង​ប្រាំ​ឆ្នាំ​ចំពោះ​ការបិទបាំង​ឧក្រិដ្ឋ​កម្មនេះ​។​

​ង្វៀន វ៉ូ គី​ញ ចាង និង​សង្សារលោក​ង្វៀន ​គីម ជុង ថា​យ ក្នុង​តុលាការក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​២៥​វិច្ឆិកា​

​អង្គចៅក្រម​បាន​និយាយ​ថា​ច្បាប់​មិន​អនុញ្ញាត​អោយ​នរណា​វាយ​ធ្វើបាប​មនុស្ស​ទេ ជា​ពិសេស​កូនក្មេង​។​ដោយសារ​គ្រួសារ​របស់​ថា​យ​មិន​យល់ព្រម​អោយ​ខ្លួន​រៀបការ​ជាមួយ​នាង​ចាង​និង​មាន​កូន​ជាមួយ​​គ្នា​ នាង​បាន​បញ្ចេញ​កំហឹង​ដាក់​កូនស្រី​របស់​របស់​ថា​យ​។​អំពើ​របស់​ចាង​គ្រោះថ្នាក់ វា​ប្រឆាំងនឹង​កុមារ​និង​«​មាន​ចេតនា​អប្រិយ​ខ្លាំង​»​។​

​សវនាការ​លើ​នាង​ចាង​និង​ថា​យ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង​ក្នុងចំណោម​សាធារណជន​វៀតណាម​។​តុលាការ​ក្រុង​ហូជីមិញ​បាន​រៀបចំ​កៅអី​៣០០​សំរាប់​សាធារណជន​ចូល​អង្គុយ​ស្តាប់​ការ​កាត់​​ក្តី តែ​ចំនួន​មនុស្ស​ចង់​ចូលរួម​មាន​ច្រើន​ជាង​នេះ រួមទាំង​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ក្រុង​ផង​ដែរ​។​

​ប្រជាជន​ឈរ​នៅ​ក្រៅ​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ​ដើម្បី​តាមដាន​សវនាការ​កាល​ពី​ថ្ងៃ​២៥​វិច្ឆិកា​

​ប៉ូលិស​បាន​បញ្ជូន​និង​ដាក់ពង្រាយ​សន្តិសុខ​ជុំវិញ​តុលាការ ព្រមទាំង​បិទផ្លូវ​ទៀត​ផង​កាលពី​ថ្ងៃ​សុក្រ​។​

​សូមបញ្ជាក់​ថា ចាង​និង​ថា​យ​បាន​រស់នៅ​ជាមួយគ្នា​អស់​ពេល​មួយ​ឆ្នាំ​ចាប់តាំងពី​ពេល​ថា​យ​លែងប្រពន្ធ​នៅ​ឆ្នាំ​២០២០​។​ចាប់តាំងពី​ពេលនោះ​នាង​តែង​វាយ​ធ្វើបាប​ក្មេងស្រី​តូច​នេះ​និង​បង្ខំ​អោយ​នាង​ធ្វើ​​ការងារ​ផ្ទះ​។​ពេល​រំពាត់​ខូច​ដោយ​សារ​វាយ​ញឹកញាប់​ពេក នាង​ចាង​បាន​ប្រើ​ដំបង​ឈើ​ជំនួស​។​

​នៅ​ថ្ងៃ​២២​ខែ​ធ្នូ​ឆ្នាំ​មុន ចាង​បាន​វាយ​ក្មេង​ស្រី​នេះ​ដល់​សន្លប់​។​ក្មេង​ស្រី​រងគ្រោះ​ត្រូវបាន​ប្រកាស​ថា​ស្លាប់​ពេល​បញ្ជូន​ដ​ល់​មន្ទីរពេទ្យ​។​

ដោយមាន​ស្លាកស្នាម​របួស​លើ​ខ្លួន ក្រុម​គ្រូពេទ្យ​បាន​ទាក់ទង​ទៅ​ប៉ូលិស​មកធ្វើការស៊ើបអង្កេត៕