​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ឈ្មោះ ឈឹម ស៊ីថរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​ធ្វើដំណើរ​មកពី​ប្រទេស​អូស្ត្រាលី ចូលមក​កម្ពុជា​វិញ​។ ការចាប់ខ្លួន​នេះ គឺ​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់លោក អឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន ឈ្មោះ ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ បាន​មាន ប្រសាសន៍​ប្រាប់ រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​ថាៈ “ ពិតជា​មានការ​ឃាត់ខ្លួន មែន ខាង​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ ខាង​ព្រមាន បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ឈឹម ស៊ីថរ តាម​ដីកា​ឃាត់ខ្លួន​របស់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​ការ​គេចវេស មិន​អនុវត្តតាម​សេចក្តីសម្រេច របស់​តុលាការ​។ ពីព្រោះ តុលាការ បានចេញ​ដីកា​មួយ​ឲ្យ​គាត់ (​ឈឹម ស៊ីថរ​) ស្ថិតនៅក្នុង​ដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​តាមដាន និង​ត្រួតពិនិត្យ បើសិនជា​គ្មាន​ការអនុញ្ញាត ពី​តុលាការ គឺ​គាត់​មិនមាន​សិទ្ធិ ចេញពី​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។ ករណីនេះ មានការ​ចោទប្រកាន់ កាលពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ មួយចំនួន ទាក់ទង​នឹង​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ ក្នុង​សង្គមជាតិ ដោយ​ផ្តោតលើ​ក្រមព្រហ្មទណ្ឌ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ ” ។​

​សូមជម្រាបថា ឈ្មោះ ឈឹម ស៊ីថរ មេខ្លោង​ដឹកនាំ​បាតុកម្ម​ខុសច្បាប់ នៅមុខ​ក្រុមហ៊ុន​ណាហ្គា វើ​លដ៍ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ ខណៈពេល ជននេះ កំពុងតែ​ដឹកនាំ​បាតុកម្ម​ខុសច្បាប់ នៅមុខ​ស្ថា​ទូត​អូស្ត្រាលី​។ ការចាប់ខ្លួន​ពាក់ព័ន្ធ​នឹង ការ​ញុះញង់​ឱ្យមាន​ការប្រមូលផ្តុំ​តវ៉ា ដោយ​ខុសច្បាប់ នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ។​

​គួរ​បញ្ជាក់ថា សមត្ថកិច្ច​បាន​រកឃើញ​មេដឹកនាំ​បាតុករ ធ្វើបាតុកម្ម​តវ៉ា​ខុសច្បាប់ នៅមុខ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​គឺមាន​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង ច្បាស់លាស់ ដើម្បី​បង្ក​ភាពវឹកវរ ដល់​សង្គម​កម្ពុជា និង​ទទួលបាន​ថវិកា ពី​អង្គការ​ក្នុងស្រុក និង​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព​។​

​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ បានធ្វើ​សន្និសីទកាសែត បង្ហាញ​ពី​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា ការរៀបចំ ប្រមូលផ្តុំ​មនុស្ស ធ្វើការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ដឹកនាំ​ដោយ​ឈ្មោះ ឈឹម ស៊ីថរ និង​បក្ខពួក គឺមាន​រចនាសម្ព័ន្ធ ចាត់តាំង​ច្បាស់លាស់ ដើម្បី​បង្ក​ភាពវឹកវរ ដល់​សង្គម​កម្ពុជា ដែល​ទទួលបាន​ជំនួយ ជា​ថវិកា​រាប់សិប​ម៉ឺន​ដុល្លារ ពី​អង្គការ​ចាត់តាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ សមត្ថកិច្ច បានធ្វើ​កោសល្យវិច័យ ទៅលើ​ទូរស័ព្ទ និង​កុំព្យូទ័រ របស់​ជនល្មើស ដោយបាន​រក ឃើញ​មានការ​ឧបត្ថម្ភ​ថវិកា ពី​ក្រៅប្រទេស និង​មាន​អង្គកា​ចំនួន ៣ គឺ​មួយ​នៅក្រៅ​ប្រទេស និង ២ ទៀត នៅក្នុង​ស្រុក បាន​ឧបត្ថម្ភ​ថវិកា ជាច្រើន​ម៉ឺន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការធ្វើ​បាតុកម្ម ខុសច្បាប់​នេះ​។​

​សមត្ថកិច្ច ក៏​បង្ហាញ​រូបភាព​មួយចំនួន នៃ​ការរៀបចំ​ផែនការ ក្នុង​ការធ្វើសកម្មភាព​តវ៉ា ដឹកនាំ ដោយ​ឈ្មោះ ឈឹម ស៊ីថរ ពីមួយ​ជំហាន ទៅមួយ​ជំហាន និង​ការទទួលបាន​ថវិកា ពី​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព ដោយផ្ទាល់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា បានបញ្ជាក់​ថាៈ តាម​គម្រោង​ដែល​គេ​រៀបចំ គឺ​ឈ្មោះ ឈឹម ស៊ីថរ មាន​ផែនការ​នឹង​កម្ទេច​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​។​

​ចំណែក​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ សមត្ថកិច្ច បាន​រកឃើញ​វត្ថុតាង​ជាច្រើន បង្ហាញថា ជនល្មើស ទទួល​ផែនការ​ពី​ក្រៅប្រទេស ក្នុង​ការធ្វើសកម្មភាព តវ៉ា​ខុសច្បាប់​។ ថវិកា​ដែល​គេ​ផ្តល់​មក​ឲ្យ ឈឹម ស៊ីថរ មាន​ច្រើន ដំណាក់កាល ដែល​គេ​បានរៀបចំ ដាក់ចេញ​ជា​ផែនការ​សកម្មភាព ដោយ​ក្នុង​មួយ​ដំណាក់ កាលៗ ទទួលបាន​ថវិកា ចំនួន ៥​ពាន់​ដុល្លារ សរុបទៅ​មាន​ចំនួន រាប់សិប​ម៉ឺន​ដុល្លារ​។ សមត្ថកិច្ច​មិន​ត្រឹម​តែមាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​ប៉ុណ្ណោះ​ទេ លើសពីនេះ គឺ​ជនល្មើស​ទាំង ៦ នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន បាន​សារភាព​ទទួលស្គាល់​កំហុស​ផងដែរ​។​

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ លើ​អតីត​បុគ្គលិក ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ (NAGA World) ដែលជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ ចំនួន ៩ នាក់ រួមទាំង​បក្ខពួក​ពីបទ “​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​” តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​។​

​អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្តថាៈ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ចាត់ការ​លើ​សំណុំរឿង ដែលមាន​ជនសង្ស័យ ចំនួន ៩ នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណ​ឌី ៣. សុន ស្រី​ពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុ​បិ​ន្ត ៦. ទូច សិរី​មាស ៧. ឈឹម សុខន ៨. សុខ ណារិន និង ៩. សុខ គង្គា ព្រមទាំង​បក្ខពួក មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​អង្គហេតុ​ញុះញង់ បំផុសបំផុល​ក្រុម​អតីត​បុគ្គលិក របស់​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ដែល​ត្រូវបាន​បណ្តេញចេញ ឲ្យ ធ្វើ​សកម្មភាព​បង្កចលាចល ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន អសន្តិសុខ​ដល់​សង្គម​។​

​បន្ទាប់ពី​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ប្រមូល​ភស្តុតាង​រួចមក អំពើ​ដែល​បាន​ប្រព្រឹត្ត ខាងលើ បាន​បំពាន​ច្បាប់ ដូច​មានចែង ក្នុង​មាត្រា ៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់ ខាងលើនេះ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ លើ​បុគ្គល ខាងលើ រួមទាំង​បក្ខពួក ពីបទ “ ញុះញង់​បង្ក​ឲ្យ​មាន ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​” តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ (NAGA World) ដែលជា​មេដឹកនាំ​បាតុកម្ម ខុសច្បាប់ ចំនួន ៦ នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម ធ្វើការ​សាកសួរ តាម​នីតិវិធី​។ មេដឹកនាំ​បាតុកម្ម ខុសច្បាប់​ទាំង ៦​នាក់ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​ពួកគេ បាន​ដឹកនាំ​បាតុកម្ម​ខុសច្បាប់ និង​បាន​បង្ក​ឲ្យ​បាត់បង់ សណ្តាប់ធ្នាប់​សាធារណៈ​។​

​មនុស្ស​ទាំង ៦ នាក់ រួមមាន​៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការ​សហជីព ២. អ្នកស្រី ឃ្លាំង សុ​បិ​ន្ត ទីប្រឹក្សា​ជាន់ខ្ពស់ ,​ហិ​រ​ញ្ញិ​ក​សហជីព (​អ្នក​កាន់​លុយ​ចំណាយ​សហជីព​) ៣. អ្នកស្រី ហៃ សុភាព (​តំណាង​ក្រុម​អ្នកចរចា​) ៤. កញ្ញា សុន ស្រី​ពេជ្រ (​តំណាង​ក្រុម​អ្នកចរចា​) ៥. អ្នកស្រី រី សុវណ្ណ​ឌី (​តំណាង​ក្រុម​អ្នកចរចា​) និង​៦. អ្នកស្រី ទូច សិរី​មាស ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។ អ្នក​ទាំង ៦ នាក់ ត្រូវបាន​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២១៕/V

ឈ្មោះ ឈឹម ស៊ីថរ ពេលចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២