​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ចូ បៃ​ដិន បាន​ហាមប្រាម​គ្រឿង​បរិក្ខារ​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​ចិន​Huawei Tchnologies និង ZTE ដោយសារ​«​ហានិភ័យ​មិន​អាច​ទទួលយកបាន​»​មួយ​ចំពោះ​សន្តិសុខ​ជាតិ​អាម៉េរិក​។​

​គណៈកម្មាធិការ​ទូរគមនាគមន៍​សហព័ន្ធ​អាម៉េរិក​( FCC)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ច្បាប់​ចុងក្រោយ​នេះ ក៏​នឹង​ហាម​ការលក់​ឬ​នាំចូល​គ្រឿង​បរិក្ខារ​ផលិត​ដោយ​ក្រុមហ៊ុន​ឧបករណ៍​ស៊ើបការណ៍​ចិន​Dahua Technology Co ក្រុមហ៊ុន​ផលិត​ឧបករណ៍​វីដេអូ​ស៊ើប​ការណ៍ Hikvision​និង​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​Hytera Communications Corp Ltd​។​

​ចំណាត់ការ​នេះ​តំណាង​អោយ​ការបង្ក្រាប​ចុងក្រោយ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​ចិន ចំ​ពេល​មាន​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អាច​ប្រើ​ក្រុម​​ហ៊ុន​បច្ចេកវិទ្យា​ទាំងនេះ​ដើម្បី​យកការណ៍​ពី​ប្រជាជន​អាម៉េរិក​។​

​ប្រធាន​FCC​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« វិធានការ​ទាំងនេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធនាការ​កំពុង​ធ្វើ​របស់​យើង​ដើម្បី​ការពារ​ប្រជាជន​អាម៉េរិក​អោយ​ចាក​ផុត​ពី​ការ​គំរាម​សន្តិសុខ​ជាតិ​​ពាក់ព័ន្ធ​នឹង​ឧបករណ៍​ទូរគមនាគមន៍​»៕

​ជុំវិញ​បំរាម​ថ្មី​នេះ ក្រុមហ៊ុន​Huawei​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​ក្រុមហ៊ុន​ZTE, Dahua, Hikvision និង Hytera​មិន​ឆ្លើយតប​នឹង​សំណើ​សុំ​អោយ​មាន​មតិ​