ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ដំបូងវាជាលីអូនែល ម៉េសស៊ី ឥឡូវដល់វេន រ៉ូបឺត ឡេវ៉ាន់ដូវស្គី (Robert Lewandowski) ។ គូប្រជែងល្បីឈ្នះទាំងពីរនឹងបន្តប៉ះជាមួយអារ៉ាប៊ីសាអូឌីត។
បន្ទាប់ពីធ្វើឱ្យម៉េសស៊ីនិងអាហ្សង់ទីនខកចិត្តធំបំផុតនៅវើលខាប់ ឥឡូវនេះក្រុមស្ទាំងបៃតងនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើឡេវ៉ាន់ដូវស្គីនិងក្រុមប៉ូឡូញរបស់គាត់នៅថ្ងៃសៅរ៍នេះ។
អារ៉ាប៊ីសាអូឌីត ដែលមានចំណាត់ថ្នាក់ទាបបំផុតទីពីរក្នុងវើលខាប់នេះ ថែមទាំងអាចកក់កៅអីជុំបន្ទាប់ជាមួយនឹងជ័យជម្នះលើប៉ូឡូញ ដែលជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ក្រុមដែលគ្មានកីឡាករមកពីបរទេសសោះ។
ខុសពីអ្នកគាំទ្រ គ្រូបង្វឹកសញ្ជាតិបារាំងរបស់អារ៉ាប៊ីសាអូឌីត លោក ហឺវ រីណាដ (Hervé Renard) មិនទាន់អបអរទេ។
លោករីណាដបាននិយាយកាលពីថ្ងៃសុក្រថា “ការប្រកួតជាមួយអាហ្សង់ទីនគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតសំខាន់ៗទាំងបីដែលយើងត្រូវលេង។ រឿងល្អតែមួយគត់នៅចុងបញ្ចប់នៃវគ្គចែកពូលនេះគឺការបញ្ចប់នៅចំណាត់ថ្នាក់លេខមួយឬលេខពីរ។ ដូច្នេះទោះមានអ្វីកើតឡើងក៏ដោយ អ្វីដែលសំខាន់បំផុតនោះគឺត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជុំបន្ទាប់”៕
ម៉េសស៊ីនិងឡេវ៉ាន់ដូវស្គីត្រូវប្រឈមមុខនឹងអារ៉ាប៊ីសាអូឌីតក្នុងពូល C ដូចគ្នា