ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ស្ថានីយ៍​រថភ្លើង​សំរោង​ទំនប់​កប់​ស្រូវ ប្រវែង ជិត​៥០០០​ម៉ែត្រ​

1390
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​កម្ម​ភាព​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ស្ថានីយ៍​រថភ្លើង​សំរោង​ទំនប់​កប់​ស្រូវ ។ កិ​ច្វ​ការងារ​នេះ​បានចាប់ផ្តើម​តាំងពី​ខែមករា ហើយ​មកដល់ពេលនេះ​បានបញ្ចប់​ហើយ ដែលមាន​ប្រវែង ជិត​៥០០០​ម៉ែត្រ​ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់បន្ថយ​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ។​
​តាម​ការ​ឱ្យដឹងពី​លោក ដួង ចាន់​សារ៉ាត់ ប្រធានការិយាល័យ​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ថា​៖ ចំពោះ​ការងារ​ខាងលើនេះ​ជា​លទ្ធផល ក្រុមការងារ​របស់លោក​បាន​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប៉ែក​ខាងលិច​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​រ៉ា​សំរោង ទំនប់​កប់​ស្រូវ ប្រវែង ៤.៨៥០​ម៉ែត្រ​។​
​លោក​បន្តថា​៖​ការជីក​ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ដែល​ស្ថិតក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ យើង​បាន​ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​រ៉ា​សំរោង​ទំនប់​កប់​ស្រូវ ដោយ​ប្រើប្រាស់​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​ចំនួន​៣​គ្រឿង ចាប់ផ្តើម​ជីក​ស្តារ​ពីថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨ ហើយ​មកដល់​ពេល​បានបញ្ចប់​ហើយ​ជាមួយ នឹង​លទ្ធផល​ស្តារ​បាន​ប្រវែង​សរុប ៤៨៥០​ម៉ែត្រ ដែលមាន​មាត់​លើ​៦​ម៉ែត្រ បាត​ក្រោម​៣​ម៉ែត្រ និង​ជម្រៅ​ស្នើ​២​ម៉ែត្រ​។​
​គួរ​បញ្ជាក់ដែរថា​៖ កន្លងមកនេះ​ក្នុង​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង លើ​ចំនួន ៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។​តំបន់​លិច​ទឹក​ទាំង​៥​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​នេះ​រួមមាន​ទី​១-​តំបន់​ផ្លូវជាតិ​លេខ ៤ មុខ​សាលាក្តី​ខ្មែរក្រហម ដោយ​កំពុង​ជីក​ភ្ជាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប្រឡាយ​ជើងឯក និង​ប្រឡាយ​ទួល​ពង្រ​។​ទី​២-​តំបន់​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ខាងជើង​ព្រលានយន្តហោះ​។ គម្រោង​ដាក់លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ទៅ​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ​និង​១​ខ្សែ​ទៀត ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឳ​ឡឹ​ក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។​គម្រោង​នឹងដាក់​លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស ឡា ផ្លូវ ណ័​រ​ប្រ៊ី​ត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែកក្អម បុរី ស ឡា​។​ទី​៤-​គម្រោង​ស្ថាបនា​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ និង​ផ្លូវ​អប​ប្រឡាយ​និង​ទី​៥-​គម្រោង​ស្តារលូ នៅក្នុង​ខណ្ឌចំការមន ដូនពេញ ៧​មករា និង​ទួលគោក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម