ដោយៈយោធិន/ភ្នំពេញ៖ ប្រមុខកងយោធាមួកខៀវកម្ពុជាបានលើកឡើងនូវសំណូមពរបន្ថែមកងកម្លាំងយោធាមួកខៀវនិងគ្រឿងបំពាក់សម្រាប់បេសកកម្មរក្សាសន្តិភាពតំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

សំណូមពរខាងលើនេះត្រូវបាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើកឡើងក្នុងឱកាសការអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Amy Weesner មន្រ្តីអង្គការសហប្រជាជាតិ (អ.ស.ប)នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបពិភាក្សានេះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសំណូមពរដល់មន្រ្តីអ.ស.ប ក្នុងការជំរុញឱ្យមានការដាក់ពង្រាយកងកម្លាំងមួកខៀវកម្ពុជាចំនួន៤៦ រូប និងសម្ភារ គ្រឿងបំពាក់បន្ថែមទៀត ដើម្បីទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

ជាមួយគ្នានេះដែរប្រមុខកងយោធាមួកខៀវកម្ពុជា ក៏បានស្នើឱ្យមានការបន្ថែមសម្ភារ គ្រឿងបំពាក់មួយចំនួនទៀត សម្រាប់បំរើដល់សកម្មភាពការងាររបស់កងកម្ទេចគ្រឿងផ្ទុះ ( EOD )នៅសាធារណរដ្ឋម៉ាលីផងដែរ។

ដោយឡែកមធ្យោបាយសម្ភារគ្រឿងបំពាក់ស្ពានបណ្តែតទឹកនិងកងកម្លាំងស្ពានបណ្តែតទឹកឆ្លើយតបតាមតម្រូវការរបស់អ.ស.បបានស្នើមកកាន់កម្ពុជានោះបច្ចុប្បន្នកម្ពុជាបានត្រៀមរួចជាស្រេចហើយដើម្បីត្រៀមចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនាពេលខាងមុខ ។

ជាការឆ្លើយតបលោកស្រី Amy Weesner បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពកម្ពុជា ក្នុងការរួមចំណែកចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ជូនមនុស្សជាតិលើពិភពលោក ។
លោកស្រី ក៏បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី កម្ពុជា កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះផងដែរ ៕សរន / N