ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីចិនលោកស៊ី ជីនភីង បានប្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថារដ្ឋាភិបាលទីក្រុងប៉េកាំងនឹងធ្វើការជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងសំរាប់សន្តិភាពពិភពលោក នេះបើតាមការផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។
ការបញ្ជូនសារពីលោកស៊ីធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាញ់កាំជ្រួចឆ្លងទ្វីបក្នុងការសាកល្បងកាំជ្រួចដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននិងប្រកាសថាវាជាការឆ្លើយតបទៅនឹងការគំរាមប្រើនុយក្លេអ៊ែរពីសំណាក់អាម៉េរិកមកលើខ្លួន។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចក្នុងចំនួនច្រើនបំផុតក្នុងឆ្នាំនេះ ជាពិសេសនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះចំពេលមានការបារម្ភថាប្រទេសនេះអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន និងលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។
បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េKCNA ក្នុងសារផ្ញើទៅកាន់លោកគីម លោកស៊ីបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងត្រៀមធ្វើការជាមួយកូរ៉េខាងជើងដើម្បី«សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរបស់តំបន់និងពិភពលោក»។
KCNAបាននិយាយថា លោកស៊ី មានបំណងសហការជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅពេល«ការប្រែប្រួលនៅក្នុងលោក ពេលវេលានិងប្រវត្តិសាស្ត្រ កំពុងកើតឡើងក្នុងផ្លូវដែលនឹកមិនស្មានដល់»។
ស៊ី ជួប គីម ជុងអ៊ុន នៅក្រុងព្យុងយ៉ាងកាលពីឆ្នាំ២០១៩
អាម៉េរិកបាននិយាយថា ខ្លួនចង់អោយចិនដែលជាសម្ពន្ធមិត្តដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង និងជាអ្នកគាំទ្រខាងសេដ្ឋកិច្ចដ៏សំខាន់ផង ប្រើឥទ្ធិពលរបស់ខ្លួនដើម្បីទប់ការរំលោភបំពានរបសកូរ៉េខាងជើង។ការបាញ់បង្ហោះកាំជ្រួចកាលពីថ្ងៃ១៨វិច្ឆិកាទំនងជាកាំជ្រួចផ្លោងឆ្លងទ្វីបថ្មីបំផុតរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលមានចម្ងាយហោះដល់អាម៉េរិកទាំងមូល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំអំពីបញ្ហាបាញ់កាំជ្រួចនេះ ដោយអាម៉េរិក អង់គ្លេស បារាំងនិងឥណ្ឌាស្ថិតចំណោមប្រជាជាតិ១៤ដែលថ្កោលទោសអំពើរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។តែចិននិងរុស្ស៊ីមិនបានចូលរួមទេ ដោយមហាអំណាចទាំងពីរលើកហេតុផលផ្សេង៕
គីម ជុងអ៊ុន នាំកូនស្រី ទៅមើលការបាញ់បង្ហោះកាំជ្រួចផ្លោងជាលើកដំបូងកាលពីថ្ងៃ១៨វិច្ឆិកា