ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ប្រភពព័ត៌មាននៅព្រលប់ថ្ងៃទី២៦ខែវិច្ឆិកានេះបានបញ្ជាក់ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំ
ខ្លួនមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន​ បន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។

ឈ្មោះ ឈឹម ស៊ីថរ ពេលចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២(រូបថតឯកសារ)

លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជាថា ក្រមស៊ើបសួរសម្រេចឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ បណ្តោះអាសន្ននៅម២។

មេដឹកនាំបាតុកម្មខុសច្បាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកានេះបន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនឈ្មោះ ឈឹម ស៊ីថរ ទៅសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា ពិតជាមានករណីឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ប្រាកដមែនដោយខាងការងារ សន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញទាក់ទងការ គេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ។ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិដោយផ្តោតលើក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។

សូមជម្រាបថា ឈ្មោះ ឈឹម ស៊ីថរ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២២ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានរចនាសម្ព័ន្ធអង្គការចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព៕សរន