ដោយៈ បាយ័ន / សៀមរាបៈ លោក សុខ ថុល អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងលោក ម៉ាកថូម៉ាស់ ជេននី សហស្ថាបនិក របស់អង្គការ សមាគមសម្រេចសុបិនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ លោក សុខ ថុល បានថ្លែងថាៈ ” វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួល បានការសិក្សា និងការអប់រំ ពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំ ត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូប ក្នុងការទទួលបាន នូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សា លើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ ពេញលេញ ដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួន ប្រកបដោយគុណភាព ” ។
លោកបានថ្លែងបន្តថាៈ ” ជាការឆ្លើយតបទៅនឹងតម្រូវការនេះ ចំពោះវិស័យអប់រំក្នុងខេត្ត យើងខ្ញុំ គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ដល់កុមារ ក្នុងគ្រួសារក្រីក្រ និងបណ្តុះបណ្តាល សមត្ថភាពដល់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដែលជាធនធានមនុស្ស ស្របតាមគោលនយោបាយ នៃយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យអប់រំ នៅក្នុងខេត្ត កាន់តែមានការរីកចម្រើន យ៉ាងឆាប់រហ័ស ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ការបង្កើនល្បឿន ក្នុងការសម្រេចនូវ គោលដៅអប់រំជាតិ និងឈានទៅសម្រេចនូវ គោលដៅសហស្សវត្សរ៍ ទាំង ៩ ចំណុច នាពេលអនាគតថែមទៀត ” ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរអរគុណ និងកោតសរសើរ ចំពោះអង្គការសម្រេច សុបិនកុមារកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាល នេះ ដោយចាត់ទុកថាៈ ” អគារសិក្សា ១ខ្នង ៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ប្រកបដោយចិត្ត សប្បុរស ក្នុងការរួមចំណែក យ៉ាងថ្លៃថ្លា ដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្ត របស់យើងខ្ញុំ។ ទឹកចិត្តទាំងនេះ នឹងធ្វើឱ្យយើងខ្ញុំ ចងចាំហើយចារជាប់ក្នុងចិត្ត ព្រមទាំងចារិក ទុក ជាប្រវត្តិសាស្ត្រ នូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនេះ ជាប់ជានិច្ច ” ៕/V