ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ​ចាប់ពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២២ ចំនួន ៣២៥ រូប បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាព សេវាទូរគមនាគមន៍ នៅបុរី ប៉េង​ ហួត​ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថាៈ បន្ថែមលើការងារបច្ចេកទេស ដែលអ្នកជំនាញ បានប្រើឧបករណ៍វាស់ស្ទង់ ជាបន្តបន្ទាប់​ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ ពីបទពិសោធន៍ជាក់ស្ដែង របស់អ្នកប្រើប្រាស់ ពីការប្រែប្រួល នៃគុណភាពសេវាអ៊ិនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារ បានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន​ ១២ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗ អាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករ ចំនួន៣ ក្រុមហ៊ុន។​

គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានីយ៍អង់តែនបន្ថែម ចំនួន ២៨ បានដាក់ឱ្យដំណើរការ ក្នុងនោះ ក្រុមហ៊ុន Cellcard ចំនួន ១០ ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន ៦ ស្ថានីយ៍, និងក្រុមហ៊ុន Smart ចំនួន ១២ ស្ថានីយ៍។ ប្រតិបត្តិករ នឹងបន្តបំពាក់ស្ថានីយ៍អង់តែន បន្តទៀត រហូតគ្រប់ចំនួន តាមការគ្រោងទុក។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថាៈ សមាជិកក្រុមការងារទាំង​ ៣២៥​ រូប បានស្ទង់មតិ និងប្រមូលព័ត៌មាន ពីប្រជាពលរដ្ឋ ដោយផ្ទាល់នៅតាមផ្ទះ នៅគ្រប់គម្រោង​ សំដៅជំរុញការដោះស្រាយបញ្ហាសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។

នាឱកាសនោះដែរ ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ ក៏បានសហការបញ្ជូន បុគ្គលិកទទួលបន្ទុក តាមគម្រោងនីមួយៗ​ សម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះ ក្នុងការសិក្សាស្វែងយល់ អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់ សេវាទូរសព្ទ​ និងអ៊ីនធឺណិត ដើម្បីជាធាតុចូល ក្នុងការរៀបចំជាដំណោះស្រាយ នៅតាមបុរីនានាផងដែរ៕/V