ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ បាន​បើក​ការប្រកួត​ហើយ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​អញ្ជើញ​
​ចូលរួម​ក្នុង​ពី​ធី​បើក​ការប្រកួត​នេះ​។​

​លោក ទុយ ប៊ុន​ហឿន អគ្គលេខាធិការរង បាន​និយាយថា​ការប្រកួត​នេះ​មាន​រាជធានី​ខេត្ត និង​ក្រសួង​ចូលរួម​ចំនួន​១៣ ដោយមាន​កីឡាករ កីឡាការិនី​៩៩​នាក់ ក្នុងនោះ​កីឡាការិនី​១១នាក់ រួមមាន​ក្រសួង​ការពា​ជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និង​ខេត្ត​កែប​។

​លោក តែម ម៉ឺន​បាន កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រៀបចំ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​នេះ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ឡា​ការិនី​បាន​បញ្ចេញ​នូវ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​កីឡាករ​កីឡាការិនី​ម្នាក់ៗ​បាន​ហ្វឹកហាត់​កន្លងមក និង​ជា​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​នេះ​ក៏​ជា​ឱកាស​ក្នុងការ​ផ្តល់ជូន​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ន​ដកស្រង់​និង​ពង្រីក​បទពិសោធ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​រៀបចំ​ការប្រកួត​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​ដល់​ទស្ស​និជ​ន​ឲ្យ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្មួយៗ កីឡាករ​កីឡាការិនី បន្ថែមទៀត ។​​វិស័យ​កីឡា​ទទួលបាន​ទំនុកចិត្ត​ពី​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីអាគ្នេយ៍ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អា​​គ្នេ​យ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងពេល​ខាងមុខនេះ​។ យើងទាំងអស់គ្នា សូម​អរគុណ សន្តិភាព ដែល​ផ្តល់ឱកាស​អោយ​យើង​អភិវឌ្ឍ ប្រទេសជាតិ លើ​គ្រប់​វិស័យ​។​

ជាមួយនឹង​ការ​សម្ភោ​ធន៍​បើក​ការប្រកួត​នេះ​ក៏មាន​ការប្រកួត​ចំនួន​ចំនួន​១៦​គូ​ដែរ សុទ្ធតែជា​គូ​ដែល​ចម្រាញ់​ចេញ​មកពី​ស្ថាប័ន រាជធានី ខេត្ត​ដែល​ចូលរួម ៕​