​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ថ្លៃ​ប្រេង​រុស្ស៊ី​គួរ​កំណត់​ត្រឹម​៣០​និង​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល អោយទាប​ជាង​កំរិត​ដែល​ក្រុម​ប្រទេស​G-7​បាន​ស្នើឡើង នេះ​បើ​តាម​ការលើកឡើង​របស់​ប្រធានាធិបតី​​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី​កាល​ពី​ថ្ងៃសៅរ៍​។​

​បណ្តា​រដ្ឋាភិបាល​ក្នុង​សហភាព​អឺរ៉ុប កំពុង​ស្វះស្វែង​បិទ​ខ្ទប់​លទ្ធភាព​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក្នុង​ការ​រក​លុយ​ដើម្បី​ចិញ្ចឹម​សង្គ្រាម​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដោយ​មិន​ធ្វើអោយ​ប៉ះពាល់​ការ​ផ្គត់​​ផ្គង់​ប្រេង​ខ្លាំង​នៅក្នុងលោក។​តែ​កិច្ចខិតខំ​របស់​ពួកគេ​កំពុង​ជួប​ការខ្វែងគំនិត​គ្នា​​នៅពេល​ក្រុម​G-7​ប្រុង​កំណត់​ថ្លៃ​ប្រេង​រុស្ស៊ី​ត្រឹម​៦៥​ទៅ​៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ខណៈ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ថ្លៃ​ជាង​៩០​ដុល្លារ​។​

​វា​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​៥​ធ្នូ​តទៅ​ តែមិនទាន់មានការព្រមព្រៀងថានឹងយកថ្លៃកំរិតណានៅឡើយ។

​លោក​ហ្សេ​ឡេន​ស្គី បាន​និយាយថា​«​ថ្លៃ​កំណត់​៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កំពុង​ត្រូវបាន​ពិចារណា​នៅពេលនេះ ។​ខ្ញុំ​គិតថា​វា​ជា​ព្រំដែន​សិប្បនិម្មិត​មួយ​។​យើង​ចង់អោយ​ទណ្ឌកម្ម​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​សង្គ្រាម​​នេះ ដូច្នេះ​ថ្លៃ​កំណត់​គួរ​៣០​ទៅ​៤០​ដុល្លារ ដើម្បី​អោយ​រុស្ស៊ី​ដឹង​ថា​វា​ជា​ទណ្ឌកម្ម​ពិតៗ​»​។​

​គំនិត​ស្តីពី​ការកំណត់ថ្លៃ​ប្រេង​រុស្ស៊ី​នេះ​មានបំណង​រារាំង​មិន​អោយ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ធានា​រ៉ាប់រង​រកស៊ី​ជាមួយនឹង​ប្រេង​ឆៅ​រុស្ស៊ី​នៅ​ទូទាំង​ពិភពលោក បើសិនជា​វា​មិន​លក់​ចេញ​នៅថ្លៃ​កំណត់​ដោ​​យ​ក្រុម​G-7​និង​សម្ពន្ធមិត្ត​ទេ​។​ប៉ូឡូញ អេ​ស្តូ​នីនិ​ង​លី​ទុយ​អា​នី កំពុង​ជំរុញ​អោយ​កំណត់​ថ្លៃ​ទាប​ជាង​៦៥-៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ក្រិច សាយ​ព្រឺស និង​ម៉ា​ល់តា​ចង់​បាន​ខ្ពស់​ឡើង​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​