ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានកំពុងមមាញឹក រៀបចំតុបតែង បំពាក់ភ្លើងបំភ្លឺ និងបដាផ្សេងៗ នៅតាមទីសាធារណៈ ផ្សេងៗ ក្នុងទីក្រុងកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណភា សំដៅឆ្ពោះទៅរៀបចំប្រារព្ធ ពិធីបុណ្យអុំទូក នៅដើមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
បើយោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងពីពិធី បុណ្យអុំទូកនេះ ដែលនឹងប្រារព្ធរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅមាត់ទន្លេ ផ្សារក្រោម នៃក្រុងកំពង់ឆ្នាំង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទបញ្ចប់ នៃពិធីបុណ្យអុំទូកនេះ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ នៅក្នុងពិធីបុណ្យអុំទូក នេះដែរ រដ្ឋបាលខេត្ត ក៏បានរៀបចំកម្មវិធីជាច្រើន មានដូចជា ការរៀបចំតាំងពិព័រណ៍ផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ដែលជាផលិតផល សម្រេចក្នុងខេត្ត , ការរៀបចំតំបន់កម្សាន្ត គឺជាតំបន់ត្រជាក់ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវពីផ្សារលើ មកកាន់ផ្សារក្រោម មាត់ទន្ល ទៀតផង ៕/V