ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ណែនាំ​កិច្ចការ​សំខាន់ៗ​ជាមួយ​ថ្នាក់ដឹកនាំ​ផែនការ​ងារ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានធ្វើការ​កោតសរសើ​រ​ដល់​មន្ត្រី​ភាគច្រើន​បាន​ចូលរួម​អនុវត្ត​ការងារ បំពេញ​តួនាទី​ភារកិច្ច ក្នុងការ​សម្រួល​ចរាចរណ៍ ធ្វើ​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ គណប្រតិភូ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ លើកលែង​មន្ត្រី​តិចតួច​ដែល​អនុវត្ត​មិនបាន​ត្រឹមត្រូវ ហើយ​មន្ត្រី​ទាំងនោះ ក៏បាន​ដក​មក​ប​ញ្ឍ​រ​ជើង ដក​សក្តិ ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ រួចហើយ​ដែរ​នាពេល​កន្លងមកនេះ ។

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានផ្តល់​អនុសាសន៍​ណែនាំ​សំខាន់ៗ​ជាច្រើន​ចំណុច​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ផែន​ការងារ​ចរាចរណ៍ ដូចជា ពង្រឹង​អំពី​របៀបរបប​ការងារ ពង្រឹង​អំពី​សំណុំរឿង​ករណី​គ្រោះថ្នាក់​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព និង​ត្រឹមត្រូវ​តាមច្បាប់ ពង្រឹង​លើ​សុជីវធម៌ សីលធម៌​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ដូចជា​ការប្រើប្រាស់​ពាក្យសម្តី និង​កាយវិការ​ឲ្យ​បាន​សមរម្យ ធ្វើការ​សហការ​ជាមួយ​សាខាគយ​ខណ្ឌ ដើម្បី​ប្រគល់​រថយន្ត​អត់​ពន្ធ​ដែល​សមត្ថកិច្ច​ឃាត់​បាន ។

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម ពី​លោក​ស្នងការរង លោកនាយ​-​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក លោក​អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​ខណ្ឌ​ទាំង​១៤ និង​លោក​ប្រធាន​ក្រុម​គោលដៅ បញ្ជា​ចរាចរណ៍​ទាំងអស់ សរុប​ចំនួន ៨៣ ៕​