ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ឈើខ្មៅ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​ខ្មៅ​រលើប ។​

​ឈើចាក់ធ្មេញ​

​នាមសព្ទ​

​ចម្រៀក​ឈើ​តូចៗ សម្រាប់​ចាក់​ឆ្កឹះ​ឲ្យ​អស់​មន្ទិល​ដែលជា​ប់​នៅ​ចន្លោះ​ធ្មេញ ។​

​កក់​

​កិរិយាសព្ទ​

​ជម្រះ​សក់​ឲ្យ​ស្អាត​
​កក់សក់ ។​
​ធ្វើ​ឲ្យ​ទទឹកជោក​
​ភ្លៀង​កក់ ។​
​បញ្ចាំ​ទុក​មុន​, ឲ្យ​មុន​ជាការ​បញ្ចាំចិត្ត​
​ខ្ញុំ​បាន​កក់​ប្រាក់​៥០​រៀល​ឲ្យ​គេ​រួចហើយ ។​

​នាមសព្ទ​

​ឈ្មោះ​ស្មៅទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់មូល​, កក់ជ្រុង​, កក់ចែងម៉ែង ។ ល ។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូតទឹក​
​ទឹកធ្លាក់​ចេញពី​កក់ ( ហៅ ផ្លែ​ឈូក ក៏បាន ) ។​

កខុប​

(​ក៏​—)

​នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ប្រភេទ រូប​ដូច​កន្លាត​តែ​នៅក្នុង​ទឹក ។​

​កងកេង​

​នាមសព្ទ​

​ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះមាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើតាម​ធម្មតា​ច្រើន​នៅតែ​ក្នុង​ព្រៃធំ មាន​ផ្លែឈើ​ជា​អាហារ ។​