ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោឬធីតា (TYDA)កាលពីចុងសប្តាហ៍ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែន សុខដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។

លោកស្រីបានបញ្ជាក់ថា នេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី៣ ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ ។

សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺចំនួន១៣៩៥ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ ករណី៕ សនរ