ដោយៈប.ខុន/ភ្នំពេញៈសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុ ដែលទើបសង់រួច។

ស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុមានទីតាំងស្ថិតនៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១០.២៧៧ម៉ែត្រក្រឡា ហើយអគារសាលប្រជុំថ្មីដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះបាន ចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២២ដោយគណបក្សខេត្ត អគារសាលប្រជុំធំមួយខ្នងនេះធ្វើអំពីបេតុងអាម៉េ មានទំហំ៣០ម៉ែត្រគុណ៤០ម៉ែត្រ ,ដំបូលប្រកស័ង្គសីជ័រ ដោយប្រើប្រាស់ជញ្ជាំងនិងពិដាន Echo Block បំពាក់សម្ភារៈនិងឧបករណ៍រួចរាល់ដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធ LED ប្រព័ន្ធសម្លេង Screen TV តុកៅអីគណៈអធិបតីនិងសមាជិក បានធ្វើឡូហ្គូស្លាកគណបក្សពីស្ពាន។

ក្រៅពីការសង់អគារសាលប្រជុំដែលមានចំណុះជិត១០០០កៅអីគណបក្សខេត្តក៏បានធ្វើការជួសជុលកែលម្អសាលប្រជុំគណៈកម្មាធិការគណបក្ស សាងសង់បន្ទប់ទឹកបន្ថែម បន្ទប់ទឹកប្រុសស្រី រៀបចំសួនច្បារ ដាំដើមឈើ ផ្កា ផ្លូវបេតុងនិងចំណតរថយន្ត៕សរន