ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់សកល ក្នុងក្របខ័ណ្ឌកីឡាជាតិ លើកទី៣ ថ្ងៃទី២៧ វិច្ឆិកា ម្សិលមិញនេះ ត្រៀមឡើងប្រកួតបន្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ការប្រកួតដែលមាន ៥ ប្រភេទ ទម្ងន់នោះសម្រាប់ប្រភេទទម្ងន់ ៤៨ គីឡូក្រាម គឺ អំ ខេមមកពីខេត្តកណ្ដាល ប្រកួតឈ្នះ ម៉ាប់ ថុនា មកពីក្រសួងមហាផ្ទៃ ដោយពិន្ទុដាច់ ។ ឈុន សិលាមកពីខេត្តព្រៃវែង ប្រកួតឈ្នះ ស៊ន សុខសំណាង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយពិន្ទុ។

ប្រភេទទម្ងន់ ៥១ គីឡូក្រាម ដែលមានតែមួយគូនោះឈុន មនោ មកពីខេត្តព្រៃវែង ប្រកួតចាញ់ វណ្ណា សំណាង មកពីខេត្តកណ្ដាល នៅទឹកទី១។

ប្រភេទទម្ងន់ ៥៤ គីឡូក្រាម ដែលមានតែមួយគូដែរនោះ ជើងខ្លាំង សៅ រង្សី សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតឈ្នះ រឿង សារ៉ូត មកពីខេត្តកែប ដោយពិន្ទុដាច់។

ប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដែលមាន ២ គូ ពេញ វណ្ណថង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតឈ្នះ រុំ ភារ៉ា មកពីខេត្តកណ្ដាល ដោយវាយឲ្យសន្លប់។ សន ជឺ មកពីសមាគមក្រសួងការពារជាតិ ប្រកួតចាញ់ ផល សុភ័ក្រ មកពីក្រសួងមហាផ្ទៃ នៅទឹកទី៣។

ប្រភេទទម្ងន់ ៧១ គីឡូក្រាម មាន ២ គូដែរនោះ ហ៊ុន គឹមហៀង មកពីខេត្តកែប ប្រកួតជាមួយ ឡេង ម៉ៅ របស់ក្រសួងមហាផ្ទៃ នៅទឹកទី១ និង វី សុភ័ស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតចាញ់ គឹម វាសនា របស់ក្រសួងការពារជាតិ ដោយពិន្ទុដាច់។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរបស់សហព័ន្ធ បានថ្លែង ក្រោយការប្រកួតថាៈ នេះជាការតេស្តសមត្ថភាព ចុងក្រោយ មុនស៊ីហ្គេមឆ្នាំ២០២៣ មកដល់។ នេះក៏ជាការពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស សម្រាប់ស៊ីហ្គេមដែរ ។ មិនតែប៉ុណ្ណោះ សម្រាប់កីឡាករ ក៏សហព័ន្ធ ត្រូវពិនិត្យឡើងវិញ តាមរយៈការប្រកួតនេះដែរ។

លោកបានបន្តថាៈ ក្រោរការប្រកួត សហព័ន្ធ នឹងប្រជុំភ្លាមៗ ជាមួយមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ដើម្បីកែលម្អនូវចំណុចខ្វះខាតនានា៕/V-PC