ដោយ: ភ្នំខៀវ / បាត់ដំបងៈ សមត្ថកិច្ច បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ១២ នាក់បានលេងល្បែងភ្នាល់មាន់ជល់មាន់ ល្មើសនឹងច្បាប់។

នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាៈ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់នេះ ធ្វើឡើងនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុច ក្រុមទី៩ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង។

ករណីខាងលើ នគរបាលជំនាញ ក្រសោបបានអ្នកពាក់ព័ន្ធសរុបចំនួន ១២ នាក់ ដែលភាគច្រើន អ្នកទាំងអស់នោះ មានទីលំនៅ នៅក្នុងសង្កាត់ ក្តុល ដូនទាវ និងសង្កាត់ ស្លាកែត ក្រុងបាត់ដំបង។

ជាមួយគ្នានេះ នៅក្នុងការចុះឆ្មក់ ឈានដល់ការបង្ក្រាបនេះដែរ សមត្ថកិច្ច បានដកហូតវត្ថុតាងល្មើសច្បាប់ បានជាច្រើនផងដែរ រួមមាន មាន់ ជល់ ចំនួន ២ ក្បាល, ម៉ូតូ ចំនួន ៨ គ្រឿង, រថយន្ត ១ គ្រឿង ស៊ុម , សង្វៀន និងសម្ភារ: ពាក់ព័ន្ធផ្សេងទៀត។

ចំពោះមុខកម្លាំងការិយាល័យ ជំនាញ បាននឹងកំពុងកសាង សំណុំរឿង លើជនពាក់ព័ន្ធទាំងអស់ ព្រមទាំងវត្ថុតាង ដើម្បីបញ្ជូនទៅ កាន់សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី៕/V-PC