ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ លោក ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម ប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោល ដ៏ អស្ចារ្យ” កាលពី ថ្ងៃសៅរ៍ ទី ២៦ ខែ វិច្ឆិកា នៅ សាល មហោស្រព កោះពេជ្រ។


ក្នុងឱកាសនោះ លោក ឧកញ៉ា ឡេង ប្រុស ក៏បានថ្លែង សន្ទរកថា បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និនិងអរូបីដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើង គួរជាទីស្ញប់ស្ញែង នៃ មនុស្សជាតិ ប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ប្រកប ដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាថ្លែងបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំង ឱ្យ សង្គម មានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យ មរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

លោក បានបញ្ជាក់ បន្ថែមថា៖ “ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌ អរិយធម៌ ដ៏ល្អ ផូផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់ ប្រជាជាតិ ខ្មែរ យើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអន្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឱ្យ ស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោន ខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា មិនត្រឹមតែថែរក្សាការពារ ឱ្យ បានស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ តែត្រូវជំរុញលើក ស្ទួយ ផ្សព្វផ្សាយ សិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ទាំងក្នុងតំបន់ និងសកលលោក ដូចទៅនឹង ពាក្យ ស្លោកបុរាណយើងតែងលើកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាង”។

នៅក្នុងឱកាសនេះដែរ លោកក៏បាន នាំយក ថវិកា ចំនួន ៣ ពាន់ ដុល្លារ អាមេរិក ឧបត្ថម្ភ ជូន ដល់កម្មវិធី ទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។ សូមជម្រាបថា កម្មវិធីនេះរៀបចំ ដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេ ដើម្បីអបអរសាទរខួបបួនឆ្នាំ នៃ ល្ខោនខោល ខួប១៩ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួបប្រាំឆ្នាំនៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕/PC