ដោយៈ សម្បត្តិ / ភ្នំពេញ៖ ក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធខ្លី កាំបិត ស្ទាក់ភ្ជង់ប្លន់ យកកាបូបលុយពីប្តីប្រពន្ធមួយគូ កាលពីវេលាម៉ោង ១១និង១៥ នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ ៣០ ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ពីរនាក់ ប្តីប្រពន្ធ ជិះម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9509 ឌុបគ្នាវិលមកពីលេងផ្ទះបងប្អូន នៅក្បែរវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ វិលឆ្ពោះទៅផ្ទះ នៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ ៣០ ម៉ែត្រ ពីទិសខាងជើងទៅខាងត្បូង គ្រាន់តែជិះហួសផ្សារទួលពង្រ បានបន្តិច ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដា ឌ្រីម គ្នាពីរនាក់ មកធ្វើសកម្មភាព លូកដកសោម៉ូតូ តែមិនរលត់ បន្តជិះទៅមុខបានបន្តិច ស្រាប់តែជនសង្ស័យ មកកៀរម្តងទៀត ជនរងគ្រោះ លើកជើងធាក់លើជនសង្ស័យ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ផ្សេងទៀត ប្រដាប់ដោយអាវុធខ្លី កាំបិត ភ្ជង់គម្រាម ឆក់យកកាបូប បានសម្រេច គេចខ្លួនបាត់ ដោយសុវត្ថិភាព។

ជនរងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធនេះ បានបញ្ជាក់ថា សម្ភារៈក្នុងកាបូប មានលុយ ខ្សែក មាស និងខ្សៃដៃ ទម្ងន់ ១,៥ តម្លឹង ទូរស័ព្ទដៃ ២ គ្រឿង គិតជាទឹកប្រាក់សរុប ជាង ៦.០០០ ដុល្លារ។

ក្រោយពីកើតហេតុ ជនរងគ្រោះ ពីរនាក់ ប្តីប្រពន្ធ បានត្រឹមទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី១៕/V-PC