ដោយៈ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២យុវជន-យុវនារី ចំនួន៣៦នាក់មកពីស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើដំណើរមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដើម្បីចូលរួមវេទិកា អន្តរជំនាន់ចុងសប្តាហ៍។

វេទិកាអន្តរជំនាន់ចុងសប្តាហ៍ធ្វើឡើងដើម្បីជំរុញយុវជន-យុវនារីឲ្យមានការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលមានកម្មវិធីដូចតទៅ៖ គឺ ១) ការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ២) ការទស្សនាពិព័រណ៍រូបថត ៣) ការទស្សនាវីដេអូឯកសារ ៤) ការជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ៥) ការចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍។

ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំយុវជន-យុវនារីទស្សនាពិព័រណ៍រូបថត ដែលដាក់តាំងបង្ហាញនៅបរិវេណខាងក្រៅបន្ទប់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម មានដួចជា ប្រវត្តិមេដឹកនាំខ្មែរក្រហមការជម្លៀសប្រជាជនការធ្វើការងារនៅការដ្ឋាននិងពិព័រណ៍រូបភាពអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅក្នុងខេត្តកំពង់ចាម។ ជាកិច្ចបន្ត ក្រុមយុវជន-យុវនារីទៅកាន់បន្ទប់តម្កល់ឯកសារខ្មែរក្រហម និងបានអានឯកសារបទសម្ភាសន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

បន្ទាប់មក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តដឹកនាំយុវជន-យុវនារីចូលទៅសាលពិព័រណ៍ស្ថិតនៅក្នុង ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលមានរូបព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «សុបិនកម្ពុជា» ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ” ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ សម្រេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសាលមហោស្រពចតុមុខ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។ បន្ទាប់ពីទស្សនាពិព័រណ៍ “សុបិនកម្ពុជា” រួចមក យុវជន-យុវនារី ទាំងអស់បានទស្សនាវីដេអូឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច» ដែលបង្ហាញអំពីតន្ត្រី វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។

តមក យុវជន-យុវនារី បានទៅទស្សនកិច្ចចេតិយរំឭកសម្រាប់សហគមន៍សង់នៅវាលស្រែស្ថិតក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានពិភាក្សាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទីនោះ។ តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានធ្វើបទបង្ហាញដល់យុវជន-យុវនារី។ តុង សុភា បានរៀបរាប់ប្រាប់យុវជន-យុវនារីអំពីបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហម ការបាត់បងឪពុក និងការសម្លាប់ប្រជាជននៅការដ្ឋានវាលស្រែ ឡដុតថ្នាំជក់ និងមន្ទីរសន្តិសុខគគរ ស្ថិតនៅក្នុងវត្តគគរនាពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់កម្មវិធី យុវជន-យុវនារីមកពីស្រុកបាធាយបានបង្ហាញនូវចំណាប់អារម្មណ៍ដូចខាងក្រោម៖
ស៊ុន វិសាល រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប រៀបរាប់ថា «ការចូលរួមវេទិកាអន្តរជំនាន់ចុងសប្ដាសន៍នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម គឺល្អសម្រាប់ខ្ញុំដែលជាសិស្សនៅវិទ្យាល័យ។ ខ្ញុំទួលបានចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម បន្ថែមលើអ្វីដែលខ្ញុំបានរៀននៅក្នុងថ្នាក់»។
ហេង រដ្ឋា រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប យល់ឃើញថា «នាងខ្ញុំប្រើប្រាស់ពេលចុងសប្ដាហ៍ដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំសោកស្ដាយនូវរឿងរ៉ាវដែលបានកើតឡើងនៅប្រទេសកម្ពុជា ដែលកើតចេញពីសង្រ្គាម និងរបបខ្មែរក្រហម»។

គង់ រតនៈសិត្យា រៀនថ្នាក់ទី១១-B មុខវិជ្ជាវិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប លើកឡើងថា «តាមរយៈការចូលរួមកម្មវិធីវេទិកាអន្តរជំនាន់នៅចុងសប្ដាហ៍នេះ ខ្ញុំសង្កេតឃើញរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានកើតឡើងចាប់ពីការទទួលបានឯករាជ្យ សង្រ្គាម របបប្រល័យពូជសាសន៍ រហូតដល់ការទទួលបានសុខសន្តិភាពនានាពេលសព្វថ្ងៃ»។

ហ៊ាង គឹមហួរ គ្រូបង្រៀនមកពីវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប យល់ឃើញថា «ការចូលរួមកម្មវិធីនេះគឺជាឳកាសល្អសម្រាប់ខ្ញុំដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ។ ខ្ញុំ និងសិស្សានុសិស្សទាំងអស់យល់ដឹងច្រើនលើអ្វីដែលមាននៅក្នុងកម្មវិធីនៅក្នុងថ្នាក់រៀន ទាក់ទងឫសគល់ ស្លាកស្នាមសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម»៕សរន