ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រេងឆៅនៅផ្សារអន្តរជាតិបានធ្លាក់ចុះជាង២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទទី២៨វិច្ឆិកា ដោយប្រេងឆៅផ្សារWTIនៅអាម៉េរិកធ្លាក់ចុះទាបបំផុតនៅរយៈពេល១១ខែមកនេះ ចំពេលផ្ទុះកូវីដ១៩ខ្លាំងនិងការតវ៉ាប្រឆាំងវិធានការគ្រប់គ្រងជំងឺឆ្លងនេះនៅចិនដែលនាំអោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះតំរូវការប្រេង។
ប្រេងឆៅផ្សារBrentនៅអាស៊ីចុះ២,១៦ដុល្លារមកនៅត្រឹម៨១,៤៧ដុល្លារក្នុងមួយបារ៉ែល ជាថ្លៃទាបបំផុតគិតចាប់តាំងពីថ្ងៃ១១ មករា ឆ្នាំ២០២២។ប្រេងផ្សារWTIនៅអាម៉េរិកចុះ២,០៨ដុល្លារ មកនៅត្រឹម៧៤,២០ដុល្លារក្នុងមួយបារ៉ែល ជាថ្លៃទាបបំផុតគិតចាប់តាំងពីថ្ងៃ២៧ ធ្នូឆ្នាំ២០២១។
ប្រេងឆៅនៅផ្សារទាំងពីរ បានធ្លាក់ចុះថ្លៃដល់សប្តាហ៍ទីបីជាប់ៗគ្នា ។ប្រេងផ្សារBrentបានចុះអស់៤,៦ភាគរយ និងប្រេងWTIចុះ៤,៧ភាគរយកាលពីសប្តាហ៍មុន។
ហ៊ីរ៉ូយូគី គីគូកាវ៉ា ( Hiroyuki Kikukawa)មន្ត្រីនៅក្រុមហ៊ុនមូលបត្រមួយបាននិយាយថាដោយសារតែមានការបារម្ភថា«តំរូវការប្រេងកាន់តែខ្សោយទៅនៅចិនដោយសារកំណើននៃការឆ្លងកូវីដ១៩នាំអោយមានការតវ៉ាប្រឆាំងនឹងអាជ្ញាធរនៅទីក្រុងជាច្រើននិងភាពមិនប្រាកដប្រជាខាងនយោបាយ បាននាំអោយមានការលក់ចេញប្រេងភ្លាមៗ»។
លោកបានព្យាករណ៍ថា ប្រេងផ្សារWTIអាចចុះក្នុងរង្វង់៧០ទៅ៧៥ដុល្លារ ហើយទីផ្សារនៅបន្តប្រែប្រួលអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រទេសទាំងចេញប្រេងហៅថាអូប៉ិចបូក(OPEC+)និងការកំណត់ថ្លៃលើប្រេងរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ចិនជាប្រទេសនាំចូលប្រេងកំពូលនៅលើលោក តែវាកំពុងជាប់ក្នុងគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតីស៊ី ជីនភីង នៅពេលប្រទេសភាគច្រើនបំផុតនៅក្នុងលោកបានបន្ធូរបន្ថយការរឹតបន្តឹងវិធាការប្រឆាំងកូវីដ១៩រួចរាល់អស់ហើយ។
បាតុការរាប់រយនាក់បានប៉ះទង្គិចជាមួយប៉ូលីសក្នុងទីក្រុងសៀងហៃកាលពីយប់ថ្ងៃអាទិត្យនៅពេលការតវ៉ាប្រឆាំងនឹងការរឹតត្បិតប្រឆាំងកូវីដ១៩ដ៏តឹងតែងរបស់អាជ្ញាធរបានបន្តដល់ថ្ងៃទីបីជាប់គ្នា និងរាលដាលទៅកាន់ទីក្រុងជាច្រើនរបស់ចិន។រលកនៃការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនកំពុងកើតមានខ្លាំងមិនដែលធ្លាប់ជួបពីមុនមកនៅចិនដីគោក ចាប់តាំងពីលោកប្រធានាធិបតី ស៊ី ចូលកាន់តំណែងកំពូលកាលពីមួយទសវត្សរ៍មុន។ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅចិនឡើងខ្ពស់បំផុតជិត៤០.០០០នាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទោះជាប្រទេសនេះនៅបន្តអនុវត្តវិធានការប្រឆាំងកូវីដដ៏តឹងតែងជាងគេក្នុងលោកក៏ដោយ។
តេតស៊ូ អ៊ីម៉ូរី (Tetsu Emori)នាយកក្រុមហ៊ុនEmori Fund Management Inc.បាននិយាយថា«អារម្មណ៍មួម៉ៅកំពុងរាលចូលក្នុងទីផ្សារប្រេង ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងអំពីតំរូវការប្រេងនៅចិន និងការខ្វះសញ្ញាពីក្រុមប្រទេសផលិតប្រេងអំពីការកាត់បន្ថយទិន្នផលប្រេងបន្ថែម។បើOPEC+ មិនកាត់បន្ថយការផលិតប្រេងទេ ឬអាម៉េរិកមិនបញ្ជាទិញប្រេងបំពេញស្តុកវិញទេ ថ្លៃប្រេងឆៅអាចនឹងបន្តចុះថែមទៀត»។
កាលពីខែតុលា ក្រុម OPEC+បានព្រមព្រៀងគ្នាថានឹងកាត់បន្ថយការផលិតប្រេង២លានបារ៉ែលក្នុងមួយថ្ងៃនៅពេញមួយឆ្នាំ២០២៣។កិច្ចប្រជុំ OPEC+បន្ទាប់នឹងពិនិត្យមើលស្ថានភាពនេះនិងតុល្យភាពទីផ្សារ។
ពួកអ្នកវិនិយោគក៏ផ្តោតលើផែនការរបស់លោកខាងលិចក្នុងការកំណត់ថ្លៃប្រេងរបស់រុស្ស៊ី ជាផ្នែកមួយនៃទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូចំពោះការធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ពួអ្នកការទូតនៃក្រុមប្រទេសG-7និងសហភាពអឺរ៉ុបបាននិងកំពុងពិភាក្សាអំពីការកំណត់ថ្លៃប្រេងរុស្ស៊ីក្នុងរង្វង់៦៥ទៅ៧០ដុល្លារក្នុងមួយបារ៉ែល តែជំនួបមួយលើបញ្ហានេះដែលបានគ្រោងធ្វើនៅថ្ងៃ២៥វិច្ឆិកាត្រូវបានលុបចោលដោយសារមានការមិនចុះសម្រុងគ្នា៕
ការតវ៉ាប្រឆាំងនិងការផ្ទុះកូវីដ១៩នៅចិនកំពុងដាក់សម្ពាធលើថ្លៃប្រេងនៅផ្សារអន្តរជាតិ