ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការលើកកម្ពស់ ការកសាងសមត្ថភាព ជំនាញ ឌីជីថល តាមរយៈកម្មវិធីអាហារូបករណ៍ ទេពកោសល្យ ឌីជីថលតជោ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ នៅក្នុងសេចក្ដីជូនដំណឹងនោះថាៈ ក្រោមការយកចិត្តទុកដាក់ជាប្រចាំ លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digilal Talent Scholaship” តាមរយៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេក​វិទ្យាឌីជីថល តាំងពីឆ្នាំ ២០២០ មក ។ កន្លងមក កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួល​បានសិស្ស ចំនួន ២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើម ទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ ជំរុញឱ្យមានការបណ្ដុះបណ្ដាល ធនធានមនុស្ស​ជំនាញ ជាពិសេស លើជំនាញបច្ចេកវិទ្យាឌីជីថល និងដោយពិនិត្យឃើញ ពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ ព្រមទាំងដើម្បីផ្ដល់ឱកាសដល់ សិស្សបញ្ចប់ការសិក្សា នៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋ និងឯកជន និង​សាធារណជន ឱ្យទទួលបាននូវចំណេះដឹង និងការពង្រឹងសមត្ថភាព បន្ថែមទៀត លើជំនាញបច្ចេកវិទ្យា ឌីជីថល កម្មវិធីអាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ គ្រោងនឹងផ្តល់អាហារូបករណ៍ ជាច្រើនកន្លែង នៅឆ្នាំ២០២៣ លើជំនាញឌីជីថល ក្នុងនោះរួមមាន៖

– ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួន ៣០០ – ៥០០ នាក់ នៅគ្រឹះស្ថានអប់រំ ក្នុងប្រទេស និងក្រៅប្រទេស។

– វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថល រយៈពេល ៣ខែ ទៅ ១ឆ្នាំ ចំនួន ១.០០០ – ២.០០០ នាក់។

– វគ្គបណ្តុះបណ្តាលមន្ត្រីរាជការ លើជំនាញឌីជីថល សម្រាប់បង្កើនប្រសិទ្ធ ភាពការងារ ចំនួន ២.០០០ – ៥.០០០ នាក់ ។

ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជូនដំណឹងជាបន្តបន្ទាប់ នាពេលខាងមុខ៕ V / N