ដោយៈភ្នំសន្ទុក/ កំពង់ធំ៖ លោក ទូច ស្រេង ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានតំណាងលោក ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្រ្តីរាជការកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យលេខ១០៨ អនក្រ.បកចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធាន និងនិតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។

លោក ទូច ស្រេង បានលើកឡើងថាក្នុងគោលបំណងកាត់បន្ថយការត្រួតពិនិត្យមិនចាំបាច់ និងជៀសវាងការត្រួតពិនិត្យផ្ទូនៗគ្នាឡើយ។ ជាលទ្ធផលបានបង្កើតឡើងនូវអនុក្រឹត្យស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចដែលត្រូវ បានប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចចុះហត្ថលេខាដ៏ខ្ពង់ខ្ពស់នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីចូលរួមកាត់បន្ថយការធ្វើសវនកម្មនិងអធិការកិច្ចស្ទួនគ្នាច្រើនដងរបស់សមត្ថកិច្ចត្រួតពីនិត្យពាក់ព័ន្ធមានលក្ខណៈតាមទម្លាប់ដដែលៗ ដែលត្រូវបានអនុវត្តជាប្រពៃយូរឆ្នាំមកហើយ។ ការធ្វើសវនកម្ម ឬអធិការកិច្ចដោយផ្អែកលើហានិភ័យជាក់ស្ដែង ឬតាមពាក្យបណ្តឹង ឬតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន និងស្ថាប័នទទួលរង សវនកម្ម និងអធិការកិច្ច ផងដែរ។

លោកអគ្គាធិការរង នៃអគ្គាធិការដ្ឋាន បានលើកឡើងថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើតក្រុមការងារមួយមានសមាជិក សមាជិកាសរុបចំនួន៣៤រូប ដែលមានតំណាងគ្រប់ក្រសួង ស្ថាប័ន មានសមាសភាពជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ដែលទទួលបន្ទុកការងារសវកម្មផ្ទៃក្នុង និងអធិការកិច្ចគ្រប់ក្រសួង ស្ថាប័ន ដែលដឹកនាំដោយលោក ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារលោក ឆាយ តនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គាធិការនៃអគ្គាធិការដ្ឋាននិងជាអនុប្រធានប្រចាំការ នៃក្រុមការងារ រៀបចំ ក្របខណ្ឌអធិការកិច្ចនិងសវនកម្មផ្ទៃក្នុងតាមរយៈលិខិតលេខ១៦១ សសរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ៕ សរន / N