ដោយៈ សុក្ខារិន / ពោធិសាត់ៈ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ និងលោកស្រី លោកបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋាន ស្រុកវាលវែង នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០២២ បានអញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវលំ ក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវបេតុង ចំនួន ៦ ខ្សែ ប្រវែង ២៨ គីឡូម៉ែត្រ នៅក្នុងទីប្រជុំជនឃុំអូរសោម នៃស្រុកវាលវែង។

ថ្លែងនៅមុខប្រជាពលរដ្ឋ ប្រមាណ ៥០០ នាក់ នៅបរិវេណសាលាបឋមសិក្សា អូរសោម នោះ
លោកបណ្ឌិត ទី ថានី ក៏ដូចជា លោក ខូយ រីដា បានមានប្រសាសន៍ថាៈ ផ្លូវលំក្រាលក្រួស ក្រហមសំខាន់ៗ នៅក្នុងទីប្រជុំជន ឃុំអូរសោម ស្រុកវាលវែង ចំនួន ៦ ខ្សែ ស្មើនឹង ២៨ គីឡូម៉ែត្រ នឹងត្រូវស្ថាបនាឲ្យទៅជាផ្លូវបេតុង ដោយពង្រីកទទឹងផ្លូវ ២០ ម៉ែត្រ និងតួផ្លូវ ១០ ម៉ែត្រ ដើម្បីធានាគុណភាព ដល់អ្នកប្រើប្រាស់។ ផ្លូវបេតុង ដែលធ្វើពិធីបើកការដ្ឋានស្ថាបនា ពេលនេះ បានប្រើប្រាស់កញ្ចប់ថវិកា គុណប្រយោជន៍របស់ខេត្ត និងទទួលម៉ៅការ ដោយក្រុមហ៊ុនគីស៊ីញូនៀន ទៅតាមដំណាក់កាល ជាជំហានៗ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តពោធិសាត់ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ដែលមានការប៉ះពាល់របង ផលដំណាំបន្តិចបន្តួចនោះ មេត្តាយោគ យល់ ដល់ក្រុមកាងារស្ថាបនា ត្រូវចូលរួមដោយស្មោះស្ម័គ្រ ដើម្បីយើងទទួលបានផ្លូវលំ បេតុងដ៏ល្អនេះ នៅក្នុងភូមិ ឃុំ ស្រុក សម្រាប់ផលប្រយោជន៍រួម និងបានប្រើប្រាស់ ទាំងអស់គ្នា។

លោកអភិបាលខេត្តពោធិសាត់ បានបញ្ជាក់ថាៈ ទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើន ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងឃុំអូរសោម ស្រុកវាលវែង ក៏ដូចជា ប្រជាពលរដ្ឋទូទាំងខេត្តពោធិសាត់ គឺជាការតបស្នងទៅនឹងគុណបំណាច់ ដែលបានគាំទ្រ សម្តេច បន្តការដឹកនាំប្រទេស។

លោក បានជម្រាបជូនថាៈ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ក្នុងចំណោម ២៥ រាជធានី ខេត្ត ដែលប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ បានច្រើន ដែលបាននឹងកំពុងស្ថាបនាផ្លូវជាតិលេខ១០ ចាប់ពីខេត្ត ព្រំប្រទល់ខេត្តកោះកុង ឆ្លងកាត់ឃុំអូរសោម ស្រុកវាលវែង ដល់សំឡូត ខេត្តបាត់ដំបង ជិត ២០០ គីឡូម៉ែត្រ និងផ្លូវ មួយខ្សែទៀត ដែលបានស្ថាបនារួច និងកំពុងដំណើរការចរាចរណ៍ សព្វថ្ងៃ គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ជិត ២០០ គីឡូម៉ែត្រ។

លោកអភិបាលខេត្ត បានជម្រាបជូនដែរថាៈ រដ្ឋបាលខេត្តពោធិសាត់ និងខេត្តត្រាត មានកិច្ចសហការគ្នា បង្កើតផ្សារណាត់មួយកន្លែង នៅព្រំដែន ដើម្បីទទួលទិញ លក់ និងផ្លាស់ប្តូរផលិតផលគ្នា ទៅវិញទៅមក ហេតុនេះ សូមបងប្អូនខិតខំដាំដំណាំ ដោយប្រើ ប្រាស់ជីធម្មជាតិ ពិតជាមានទីផ្សារ ទាំងក្នុង និងក្រៅប្រទេស មានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ថា  ស្រុកវាលវែង បានបង្កើតឡើង នៅឆ្នាំ១៩៩៨ មាន ៥ ឃុំ ២០ ភូមិ និងភូមិឧបស័ម្ពន្ធ ២៣ មានប្រជាពលរដ្ឋ ៨.៧៥១ គ្រួសារ មនុស្សជាង ៣៥ ពាន់នាក់ ក្នុងនោះ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ចំនួន ៣០.០០៣ នាក់ និងចុះឈ្មោះថ្មី បានចំនួន ១.៣៧៤ នាក់៕/V-PC