​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ មន្ត្រី និង​អ្នកជំនាញការ បានលើកឡើង​ថាៈ ពិព័រណ៍​សៀវភៅ ថ្នាក់ជាតិ ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ នា​បណ្ណាល័យ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​រំពឹងថា នឹងមាន​ស្តង់​ចំនួន ១៩៧ បាន​ចូលរួម ដែលជា​ចំនួន​មួយ​ច្រើន​បំផុត មិន​ធ្លាប់មាន​កាលពីមុន ហើយ​កំពុង​ធ្វើឱ្យមាន ការចាប់អារម្មណ៍ ពី​ស្រទាប់​យុវជន​។​

​គួរ​បញ្ជាក់ថា ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ លើក​ទី​៩​នេះ ក្រោម​ប្រធានបទ ” មួយថ្ងៃ​អាន មួយថ្ងៃ​ដឹង ” ហើយ​គេ​រំពឹងថា យ៉ាងហោចណាស់ មាន​នុស្ស​ជាង ១០ ម៉ឺន​នាក់ ចូលរួម​។ ចំពោះ​ការរៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្នុង​គោលបំណង លើកស្ទួយ​ការអាន និង​ការសរសេរ ព្រមទាំង​លើកស្ទួយ ឧស្សាហ៍កម្ម​សៀវភៅ ដោយ​ធ្វើយ៉ាងណា ឱ្យ​អ្នកសរសេរ គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ អាចមាន​ឱកាស​ធ្វើ​អាជីវកម្ម លក់​សៀវភៅ កាន់តែ​ច្រើនឡើង នៅ​កម្ពុជា​។​

​បញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នា​បណ្ណាល័យ​ជាតិ លោក គឹម ពិ​នន​ន់ អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ឱ្យដឹងថាៈ បន្ទាប់ពី​វិបត្តិ​កូ​វីដ ១៩ ពិព័រណ៍​សៀវភៅ​កម្ពុជា ត្រូវបាន​ផ្អាក​ចំនួន ២ ឆ្នាំ ពោលគឺ ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ​២០២១ តែ​ឆ្នាំ​២០២២ នេះ បញ្ហា​កូ​វីដ បាន​ធូរស្បើយ ទើប​គណៈកម្មការ បានសម្រេច​បន្ត​រៀបចំ​ឡើងវិញ​។ សម្រាប់​ឆ្នាំនេះ នឹងមាន​ស្តង់​ចំនួន ១៩៧ ចូលរួម ខណៈ​កាលពី​ឆ្នាំ​២០១៩ មាន​ត្រឹមតែ ១៤៥ ស្តង់​ប៉ុណ្ណោះ​។​

​លោក បាន​មានប្រសាសន៍ថាៈ សម្រាប់​សកម្មភាព ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៩ នេះដែរ មាន​ចំនួន ៧ សកម្មភាព​គឺ​៖ ការដាក់​តាំង​សៀវភៅ​, បើក​វេទិកា​ស្តីពី​ការ​ពុម្ព​សៀវភៅ ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, ធ្វើ​បទ​បង្ហាញ​នានា ទាក់ទិន​នឹង​អក្សរសាស្ត្រ និង អក្សរ​សីល​ខ្មែរ ហើយ​និង​វិទ្យាសាស្ត្រ ,​ការនិពន្ធ​សៀវភៅ ទៅជា​ខ្សែភាពយន្ត និង​អភិវឌ្ឍន៍ ជំនាញ​ការអាន ចាប់ផ្តើម​អំ​ណាន តំណាក់កាល​ដំបូង​នៃ​ជីវិត​, ជួបពិភាក្សា ដែលជា​ការទទួល យក​បទពិសោធន៍ ពី​អ្នកនិពន្ធ​ល្បីៗ និង​ការចុះហត្ថលេខា ពី​អ្នកនិពន្ធ និង​វិចិត្រករ​, ការអាន​រឿង និង​ល្បែង​សិក្សា សម្រាប់​កុមារ , ការប្រគំ​តន្ត្រី និង​សំណួរ ចម្លើយ ចាប់យក​រង្វាន់ ជាដើម​។​

​លោក ហុក សិទ្ធិ ប្រធាន​សមាគម​បណ្តា​រក្ស និង​ឯកសារ​វិទូ​របស់​កម្ពុ​ជា បានបញ្ជាក់​ឱ្យដឹង ថាៈ ជា​រៀងរាល់ឆ្នាំ ក្នុង​ពិព័រណ៍​សៀវភៅ គេ​ឃើញថា ក្នុងចំណោម​សៀវភៅ​ទាំងអស់ ដែល​បាន​ដាក់លក់ ឃើញថា សៀវភៅ ស្តីពី​ការអភិវឌ្ឍ​ខ្លួន និង​សៀវភៅ​ប្រលោមលោក បែប​កម្សាន្ត ស្ថិតនៅក្នុង​ចំណោម​សៀវ​ភាព លក់ដាច់​ជាងគេ​។​

​ទន្ទឹម​ជាមួយ​ការតាំងពិព័រណ៍ សៀវភៅ​ថ្នាក់ជាតិ​នេះដែរ លោក​បាន​ជំរុញ​ឱ្យ​យុវជន​ចូលរួម ហើយ​បង្កើន​ការអាន ឱ្យបាន​ច្រើន ដើម្បី​ចំណេះដឹង សំដៅ​ធ្វើយ៉ាងណា​អភិវឌ្ឍន៍​ខ្លួន ជា​អ្នកមានចំណេះដឹង ក្នុង​ការកសាង​សមត្ថភាព ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្នុងការ​ប្រកបការងា​រ នៅ​ថ្ងៃ​ខាងមុខ​។​

​លោកស្រី ខ្លូត វិបុល​ឡា ប្រធាន​បណ្តា​ល័យ​ជាតិ​កម្ពុជា បានឱ្យដឹងថាៈ បច្ចុប្បន្ន សៀវភៅ ក្នុង​បណ្តា​ល័យ​ជាតិ មាន​សៀវភៅ​យ៉ាងច្រើន សម្រាប់​ទុក​ដល់​អ្នកអាន ហើយ​ក្នុងចំណោម​នេះ សៀវភៅ​កុមារ ក៏​ច្រើន​ដែរ​។​

​លោកស្រី បានលើកឡើង ដោយ​រំពឹងថាៈ ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៩ ខាងមុខនេះ នឹងមាន​យុវជន ចូលរួម​ច្រើន​កុះករ​បន្ថែមទៀត ដោយសារ​បច្ចុប្បន្ន គេ​ឃើញថា បណ្តា​យុវជន មានការ​និយម​ការអាន កាន់តែ​ច្រើនឡើង​ផងដែរ​។​

​ដោយឡែក លោក កុក រស់ ប្រ​ធា​នាយកដ្ឋាន​សៀវភៅ និង​ការអាន បានឱ្យដឹងថាៈ បើទោះបី​សៀវភៅ​អេ​ឡិ​ក​ត្រូ​និក និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ចូលមក​ជំនួស​ច្រើន នា​យុគ​សម័យថ្មី​នេះ​ក្តី ប៉ុន្តែ​សៀវភៅ​ដែល​បោះពុម្ព នៅតែមាន​តួនាទី​សំខាន់ មិនអាច​សៀវភៅ​ដទៃទៀត ជំនួស​បានឡើយ​។​

​លោក បានលើកឡើង​ថាៈ ” អំឡុងពេល​ដំបូង នៅពេល​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ចូលមក គេ​ឃើញថា មាន​និន្នាការ​ធ្លាក់ចុះ​បន្តិច​ពិតមែន ពី​សៀវភៅបោះពុម្ព ប៉ុន្តែ​នៅ​ចុងក្រោយ​នេះ គេ​ឃើញថា សៀវភៅបោះពុម្ព​អាន នៅតែ​ដើរ​ជាការ​ពេញនិយម ក្នុង​ស្រទាប់​មនុស្ស​ទាំងចាស់ ក្មេង ដដែល ពោលគឺ សៀវភៅ​អេ​ឡិ​ក​ត្រូ​និក មាន​អ្នក​និយម​អាន ត្រឹម ៤០ ភាគរយ ឯ​សៀវភៅបោះពុម្ព មាន​អ្នក​និយម​អាន កើនឡើង ៦០ ភាគរយ ”​។​

​គួរ​បញ្ជាក់ថា ព័រ​ណ៍​សៀវភៅ​ថ្នាក់ជាតិ តែង​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ដោយ​លើកដំបូង ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពី​ឆ្នាំ ២០១១ មាន​អ្នកចូលរួម​តិចតួច និង​ចំនួន​ស្តង់​មិន​ដល់ ១០ ផង ប៉ុន្តែ​បច្ចុប្បន្ន កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍ ទាំង​អ្នកចូលរួម ពី​បណ្តា​គ្រឹះស្ថាន បោះពុម្ព អ្នកនិពន្ធ និង​ពិសេស យុវជន​ចូលរួម​យ៉ាងច្រើន​កុះករ ដោយ​មិន​ទាប​ជាង ១០ ម៉ឺន​នាក់​ឡើយ​៕/V.mara